(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានណែនាំទៅថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត រៀបចំបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ក្រសួងមុខងារសាធារណៈ បានណែនាំ រៀបចំការបើកផ្តល់ប្រាក់បៀវត្សលើកទី១សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យបានមុនដំណាច់ខែតុលា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២៣។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែធ្នូ ឆ្នាំ២០២៣ គឺអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។

ការណែនាំបែបនេះ ដើម្បីធានាថា មន្ត្រីរាជការទទួលបានប្រាក់សម្រាប់ចាយវាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងក្រោយពេលបុណ្យភ្ជុំរួច។ របៀបរបបនៃការបើកប្រាក់បៀវត្សបែបនេះ បានធ្វើច្រើនអាណត្តិមកហើយ ហើយជាការផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន។ នេះជាការស្តែងឱ្យឃើញនូវការគិតគូរខ្ពស់មួយរបស់រាជរដ្ឋាភិបាលលើជីវភាពរបស់មន្ត្រីរាជការ៕