(ភ្នំពេញ)៖ មេបក្សប្រឆាំងបានចំណាយពេលវេលាក្នុងជីវិត ជាអ្នកនយោបាយជាង២០ឆ្នាំមកហើយ ដើម្បីប្រកួតប្រជែងជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែលោកគ្មានភ័ព្វសំណាងបានឈ្នះឆ្នោតម្តងណាឡើយ តាំងពីចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ន។ ចូលរួមក្នុងការបោះឆ្នោតជាតិ ៤លើកជាប់ៗគ្នា លោក សម រង្ស៊ី បានត្រឹមតែជាគណបក្សប្រឆាំង ឬបានងារជានាយករដ្ឋមន្ត្រីឧទាហរណ៍ប៉ុណ្ណោះ។
ការបរាជ័យជាបន្តបន្ទាប់ក្នុងការបោះឆ្នោត និងការសម្លឹងឃើញថា ពេលវេលាមិនអាចរង់ចាំដោយលោកប្រធាន សម រង្ស៊ី ដែលមានវ័យកាន់តែចាស់ទៅៗ បូករួមទាំងការព្រួយបារម្ភពីលទ្ធភាព ក្នុងការយកឈ្នះផង លោកប្រធានត្រូវបានគេមើលឃើញថា បានខិតខំបោះពួយទៅមុខកាន់តែខ្លាំងក្លាឡើង ក្នុងការបង្កើតឱកាសឱ្យខ្លួនឯង ដែលកំពុងស្ថិតក្នុងស្ថានភាពខ្សោះខ្យល់ ដូចចកអណ្តែតកណ្តាលសាគរ។ ដោយហេតុថា ចង់ឈ្នះចិត្តខ្លួនឯង ដែលជួបប្រឡាក់តែគ្រោះមិនចេះចប់មិនចេះហើយ និងម៉្យាងទៀតអាចដឹងថា ខ្លួនគ្មានថ្ងៃដឹកនាំប្រទេសបាន ក៏ព្យាយាមបង្កបង្កើតបញ្ហាជាសង្វាក់សាច់រឿង ក្នុងសេណារីយោប្លែកៗ ធ្វើគ្រប់បែបយ៉ាង ទាំងរឿងខុសច្បាប់ ប្រាសចាកការពិត និងទោះបីជាដឹងថា អ្វីដែលខ្លួនធ្វើ គឺជាទង្វើបំផ្លាញជាតិសាសន៍ឯង ក៏គាត់មិនខ្លាចនឹងប្រព្រឹត្តដែរ។
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានបង្ហាញនូវការព្រួយបារម្ភថា តើយុទ្ធសាស្ត្រចុងក្រោយសម្រាប់អ្នកនយោបាយទាល់ច្រកដូចរូប លោកប្រធាន អាចប្រកាន់យកទស្សនៈ «បើមិនបានស៊ី គឺត្រូវតែជាន់កម្ទេចចោល» មែនឬ? ព្រោះបើដូច្នេះមែន កម្ពុជាអាចស្ថិតក្នុងស្ថានភាពលំបាក និងគ្រោះថ្នាក់ដោយសារតែការ បញ្ចេញកំហឹងរបស់លោក សម រង្ស៊ី។ មេបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសរូបនេះ ត្រូវបានគេមើលឃើញថា បានប្រកាន់យកនូវនយោបាយលាបពណ៌ វាយប្រហារ បំបះបំបោរ និងដុតកំហឹងជាតិសាសន៍ កាន់តែខ្លាំងឡើងនារយៈពេលចុងក្រោយនេះ។ ជាពិសេសនៅពេលដឹងថា ខ្លួនប្រហែលជាគ្មានឱកាសនឹង វិលមកកម្ពុជាវិញបាន ដោយសារគាត់ហ៊ុំព័ទ្ធដោយបណ្តឹង និងទោសព្រហ្មទណ្ឌជាច្រើន។ លោក សម រង្ស៊ី ខ្លួនឯងបានដឹងយ៉ាងច្បាស់ថា ខ្លួនលោកនឹងមិនមានឱកាស ទទួលបានការសម្របសម្រួលពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្តងទៀតឡើយ គឺឱកាសស្នើសុំលើកលែងទោស បន្ទាប់ពីបានបង្កើតនូវរបួសមួយដ៏ធំ ក្នុងទំនាក់ទំនងទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន កន្លងមកនេះ។
នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកនឹងមិនទូលសុំព្រះមហាក្សត្រឱ្យព្រះរាជទានលើកលែងទោសដល់លោក សម រង្ស៊ី ម្តងទៀតជាដាច់ខាត បើលោកធ្វើទៀតនោះ លោកសុខចិត្តកាត់ដៃស្តាំខ្លួនឯងចោល។ សារព្រមាននេះកាន់តែធ្វើឱ្យលោក សម រង្ស៊ី ច្បាស់ពីលទ្ធផលទៅថ្ងៃមុខ ដែលគាត់ដឹងថា ទង្វើក្បត់ដៃគូសន្ទនាបានរុញ ឱ្យលោកដើរដល់ផ្លូវទាល់ច្រក។ ដូច្នេះគ្មានជម្រើសអ្វីផ្សេងអាចឱ្យបក ក្រោយវិញបានឡើយ ក្រៅពីបោះពួយទៅមុខ វាយប្រហារ មួលបង្កាច់ លាបពណ៌ មិនដកដៃទៅលើនាយករដ្ឋមន្រ្តី ដោយប្រើវិធីសាស្ត្រអាក្រក់ៗគ្រប់បែបយ៉ាង។
គេអាចមើលឃើញនូវការខិតខំប្រឹងប្រែងរបស់លោក សម រង្ស៊ី ដើម្បីបំពេញមហិច្ឆតា និងគោលដៅចង់ដឹកនាំប្រទេស តាមរយៈសកម្មភាពជាច្រើនដែលគាត់ បានធ្វើកន្លងមក។ លោក សម រង្ស៊ី បានចាប់ដៃគូរជាមួយគណបក្សសិទ្ធិមនុស្ស ដែលធ្លាប់តែជាគូរបក្ខដិបក្ខនឹងគ្នា ធ្លាប់វ៉ៃប្រហារ និងធ្លាប់តែហែកហួរគ្នា, លោក សម រង្ស៊ី បានគាស់រំលើងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ ស្តីពីការបាត់បង់ទឹកដីខ្មែរ ដើម្បីទម្លាក់ការទទួលខុសត្រូវលើរដ្ឋាភិបាលបច្ចុប្បន្ន, បំផុសប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ឱ្យស្អប់របបបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា, ជំរុញឱ្យសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងផ្លាស់ប្តូរ និងផ្តួលរំលំរដ្ឋាភិបាល តាមគ្រប់រូបភាព, បង្កើតព័ត៌មានខ្មៅអំពីកម្ពុជាទៅកាន់ពិភពលោក ដើម្បីឱ្យបរទេសស្អប់ ស្តីបន្ទោស និងដាក់គំនាបលើរបបដឹកនាំបច្ចុប្បន្ន, ញុះញង់យុវជនឱ្យរើស អើងជាតិសាសន៍ និងបង្កជម្លោះជាមួយប្រទេសជិតខាង, ធ្វើនយោបាយប្រជាភិថុត បោកប្រាស់ប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រពីក្រុមមនុស្សមួយចំនួន។ ក្រៅពីនេះគាត់បានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងនូវចលនាបដិវត្តពណ៌ ទោះបីជាដឹងថា វាជាចេតនាអាក្រក់របស់ប្រទេស មហាអំណាចនៅពីក្រោយខ្នង ដើម្បីកម្ទេចកម្ពុជាក៏ដោយ។
ជារឿយៗលោកប្រធានបានបំបះបំបោរយុវជន និងកម្មករ-កម្មការិនី ទាំងក្នុងនិងក្រៅប្រទេស ឱ្យបង្កចលាចល អស្ថិរភាព អសន្តិសុខ ក្នុងចេតនាទាញទម្លាប់មុខមាត់ ជាតិលើឆាកអន្តរជាតិ និងញុះឱ្យមានការចងកំហឹង នៅពេលមានការបង្ក្រាបពីរដ្ឋអំណាច, អំពាវនាវឱ្យអន្តរជាតិផ្តាច់ជំនួយគ្រប់វិស័យ, បន្លាចអ្នកវិនិយោគគិនក្រៅ ប្រទេសកុំឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងថ្មីៗនេះបានជំរុញឱ្យអឺរ៉ុបបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជាទៀតផង។ ក្រៅពីនេះលោក សម រង្ស៊ី ក៏បានកំណត់ មុខសញ្ញា ដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លារបស់ខ្លួន គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើការវ៉ៃប្រហារជារឿយៗ ក្នុងបំណងទាញទម្លាក់ប្រជាប្រិយភាព ប្រមុខរដ្ឋាភិបាលបច្ចុប្បន្ន។
ជាបន្តបន្ទាប់ព័ត៌មានហែកហួរ ចោទប្រកាន់លើនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រូវបានគេឃើញទម្លាយចេញដោយលោក សម រង្ស៊ី និងបក្ខពួករបស់លោក ដែលភាគច្រើនមានមូលដ្ឋាននៅក្រៅប្រទេស។ ជាក់ស្តែង លោក សម រង្ស៊ី បានជាប់ឈ្មោះក្នុងបណ្តឹងបរិហាកេរ្តិ៍មួយចំនួន ដូចជាបណ្តឹងរបស់ លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដែលលោក សម រង្ស៊ី បានបង្ហោះវីដេអូចោទប្រកាន់ថា របបលោក ហេង សំរិន បានកាត់ទោសអតីតព្រះមហាក្សក្រខ្មែរ សម្តេចព្រះនរោត្តមសីហនុ ថាជាជនក្បត់ជាតិ, បណ្តឹងរបស់រដ្ឋាភិបាលជុំវិញការផ្សព្វផ្សាយ និងក្លែងឯកសាសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ដោយបរិហាកេរ្តិ៍ថា រដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមព្រៀងកាត់ដីឱ្យវៀតណាម, បណ្តឹងរបស់លោក ហោ ណាំហុង អតីរដ្ឋមន្ត្រីការបរទេស ដែលលោក សម រង្ស៊ី ចោទថា ជាប្រធានជំរុំឃុំឃាំងបឹងត្របែក នៅសម័យខ្មែរក្រហម និងថ្មីៗនេះ បណ្តឹងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោក សម រង្ស៊ី បានចោទប្រកាន់ថា ជាអ្នកនៅក្រោយខ្នងការសម្លាប់លោក កែម ឡី។
អ្វីដែលគួរឱ្យព្រួយបារម្ភនោះ តាមការប្រមើរមើលរបស់អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា អំពីគំនិតរបស់លោក សម រង្ស៊ី គឺនាពេលចុងក្រោយនេះ គឺបានបង្ហាញនូវសញ្ញាកាន់តែច្បាស់អំពីចេតនាកម្ទេចកម្ពុជាចោល បន្ទាប់ពីខកចិត្តក្នុងជីវិតនយោបាយដែលមិនជោគជ័យរបស់ខ្លួន។ គំនុំនិងការសងសឹករបស់លោក ដែលគ្មានទីបញ្ចប់។ លោកប្រៀបដូចជាប្រភេទសត្វគោចង្រៃ «បើមិនបានស៊ីស្មៅ គឺត្រូវតែជាន់កម្ទេចចោល» ឬថា «បើអញមិនបានដូចបំណង អ្វីៗគឺអញត្រូវតែ បំផ្លាញឱ្យអស់»។ នេះហើយជាការព្រួយបារម្ភ បើការសង្ស័យទាំងនេះក្លាយជាការពិត កម្ពុជាអាចប្រឈមនឹងការលំបាក ឬមហន្តរាយជាយថាហេតុ ដោយសារតែការដោះស្រាយកំហឹងគំនុំរបស់លោក៕