(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ បញ្ជូនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ និងវត្ថុតាងមួយចំនួនទៀត ពាក់ព័ន្ធករណីកាច់កម៉ូតូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពបានប៉ុន្មានម៉ោង ជាមួយវត្ថុតាងមួយចំនួន កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣កន្លងទៅ នៅតាមបណ្ដោយផ្លូវកា៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

ប្រតិបត្តិការស្រាវជ្រាវដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

សូមបញ្ជាក់ថា ជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Zoomer-X ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ (មិនចាំផ្លាកលេខ) ឌុបគ្នាទៅធ្វើសកម្មភាពលួចឆ្កិះ កាច់សោកម៉ូតូរបស់ជនរងគ្រោះបានសម្រេច១គ្រឿង ម៉ាក Honda Dream C125 ពណ៌ក្រហមលាយខ្មៅ ឆ្នាំ២០២០ ឡើងសេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកំពង់ចាម 1X-4372 ប្រព្រឹត្តនៅចំណុចក្បែរផ្សារស៊ីធីម៉ល ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នាវេលាម៉ោង១៥៖៣០នាទី កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

ជនសង្ស័យដែលសមត្ថកិច្ចតាមស្រាវជ្រាវឃាត់ខ្លួនបាន ទី១៖ឈ្មោះ នាក់ ដារ៉ាវុត ហៅពេជ្រ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល តាមបណ្ដោយផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី២៖ឈ្មោះ ពេជ្រ មន្នីចាន់សុវណ្ណ ហៅភា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅផ្ទះជួលដីក្រហមតាមបណ្ដោយផ្លូវលេខកា៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងទី៣៖ឈ្មោះ ព្រឹក អាយុប្រហែល២៩ឆ្នាំ កំពុងរត់គេចខ្លួន។

ចំណែកជនរងគ្រោះឈ្មោះ សាន សេងហុង អាយុ២១ឆ្នាំ មុខរបរដឹកជញ្ជូនអីវ៉ាន់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលតាមបណ្ដោយផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្ដស្វែងរកជនសង្ស័យម្នាក់ទៀត៕