(កោះកុង)៖ សមាគម សៀហអាប់ឌុលឡោះអាន់នូរី នៃប្រទេសគុយវ៉ែត តាមរយៈអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ បានជួយសាងសង់អគារម៉ាស្ជិត១ខ្នង មានទំហំ២៥ម៉ែត្រ និងបណ្ដោយ៣៥ម៉ែត្រ ជាមួយឡៅតឿ ដែលមានផ្ទៃក្រឡាសរុប ១,២២៥ម៉ែត្រការ៉េ រួមទាំងការិយាល័យម៉ាស្ជិត សរុបតម្លៃជាង ៤១ម៉ឺនដុល្លារអាមេរិក ដល់ពលរដ្ឋខ្មែរឥស្លាម នៅក្នុងខេត្តកោះកុង ដើម្បីបម្រើដល់ការងាររៀបចំកម្មវិធីផ្សេងៗ ។

ក្នុងពិធីបើកការដ្ឋានសាងសង់អគារម៉ាស្ជិត និងចែកអំណោយ ដល់ប្រជាពលរដ្ឋជាង៥០០គ្រួសារ នៅក្នុងដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាម បានលើកឡើងថា ការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមនេះ បានបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ចាប់តាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បន្តមកដល់ការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមទាំងការថែរក្សានូវសុខសន្តិភាព ធ្វើឲ្យពលរដ្ឋបានរស់នៅដោយភាពសុខសាន្ត និងសុខដុមនីយកម្ម។

លោកបានបន្តថា ចំពោះការអភិវឌ្ឍនេះ រាជរដ្ឋាភិបាលអាណត្តិថ្មី កំពុងពន្លឿននៅគ្រប់ទីកន្លែង ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយគុណតម្លៃនៃថ្នាក់ដឹកនាំនេះ សូមប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី។

ជាមួយនេះ លោក រ៉ូហ្វី អូស្មាន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានបន្តអនុញ្ញាតឲ្យសាសនិកឥស្លាមនៅកម្ពុជា បានប្រតិបត្តិសាសនាដោយធម្មតា និងអាចទទួលយកនូវអំណោយ ពីសាសនិកឥស្លាមពីក្រៅប្រទេស ដោយគ្មានការឃាត់ឃាំង។

ក្នុងឱកាសនោះ លោកស្រី មិថុនា ភូថន អភិបាលខេត្តកោះកុង ក៏បានជំរុញផងដែរ ដល់ពលរដ្ឋខ្មែរឥស្លាម នៅពេលទទួលបានអគារម៉ាស្ជិតថ្មី ត្រូវនាំគ្នាខិតខំថែរក្សា ដើម្បីបានប្រើប្រាស់យូរអង្វែង រួមទាំងចូលរួមសហការធ្វើឲ្យអគារនេះ សាងសង់ឲ្យបានចប់តាមគម្រោង។

លោកស្រីអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសុខភាព ជាពិសេសនៅរដូវវស្សានេះ ហើយត្រូវនាំគ្នាជួយថែរក្សាបរិស្ថាន ទាំងនៅក្នុងផ្ទះខ្លួនឯងផ្ទាល់ និងទីសាធារណៈ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកោះកុង ឲ្យបានកាន់តែច្រើន៕