(ភ្នំពេញ)៖ លោក គីម សំបូរ គឺជាកូនខ្មែរអាមេរិកមួយរូប ដែលបាននាំយកក្បាច់គុនបុរាណខ្មែរល្បុក្កតោ ដាក់បញ្ចូលក្នុងឈុតឆាកប្រយុទ្ធ ក្នុងខ្សែភាពយន្តហូលីវូដ ក្នុងនោះមានដូចជារឿង «Power Rangers: Origins» ដែលគ្រោងនឹងចាក់បញ្ចាំងនៅឆ្នាំ២០២៤ និង រឿង «Black Stone Hands» ដែលនឹងរៀបចំថតនៅឆ្នាំ២០២៤។

លោក គីម សំបូរ កើតនៅឆ្នាំ១៩៩៤ ក្នុងរាជធានីភ្នំពេញ ហើយគាត់ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសចំនួន ៣នាក់។ នៅខែធ្នូ ឆ្នាំ២០០៦ គាត់បានបន្តការសិក្សា និងស្នាក់នៅក្នុងរដ្ឋយូថា សហរដ្ឋអាមេរិក។ ដោយសារឧបនិស្ស័យ និងទឹកចិត្តស្រលាញ់សិល្បៈក្បាច់គុន ចាប់តាំងឆ្នាំ២០១០មក គាត់តែងតែឆ្លៀតពេលក្រៅម៉ោងសិក្សា ដើម្បីចូលហ្វឹកហាត់ក្បាច់គុន តាមសាលា និងក្លឹបគុននានារួមមាន ក្បាច់គុនល្បុក្កតោ ក្បាច់យ៉ុងឈុន ក្បាច់ថៃជី ក្បាច់ជីតឃុនដូ ក្បាច់សាវលីង ប្រដាល់សេរី កីឡាជឺជីតស៊ូ និងMMA។

ក្នុងឆ្នាំ២០១៨ គឺជាពេលដែល លោក សំបូរ បានជួបនឹងលោកគ្រូ កេនយ៉ា ប្រាជ្ញ ដែលលោកគឺជាគ្រូក្បាច់គុនល្បុក្កតោ ព្រមទាំងជាធនធានមនុស្សដ៏កម្រមួយបានរស់រានមានជីវិតរួចផុតពីរបបវាលពិឃាតប៉ុលពត និងមករស់នៅលើទឹកដីសហរដ្ឋអាមេរិក។ លោកគ្រូ កេនយ៉ា កើតក្នុងឆ្នាំ១៩៦០ ក្នុងទឹកដីខេត្តបាត់ដំបង ហើយក្នុងអំឡុងពេលនៃរបបខ្មែរក្រហម លោកគ្រូ បានរត់ភៀសខ្លួនទៅជំរុំខាវអ៉ីដាង និងក្រោយមកទៀតលោកទទួលបានសិទ្ធិជ្រកកោនរស់នៅសហរដ្ឋអាមេរិក។

លោក គីម សំបូរ ជាកូសិស្សមួយរូប ដែលបានទទួលការបង្វឹក និងជំរុញទឹកចិត្តពីសំណាក់លោកគ្រូកេនយ៉ាផ្ទាល់។ ឆ្លៀតពេលពីការងារដ៏មមាញឹក គាត់តែងខិតខំហ្វឹកហាត់ទាំងយប់ថ្ងៃ និងបណ្តុះមនសិការថែរក្សាអភិរក្ស សិល្បៈក្បាច់គុនបុរាណខ្មែរ ហើយចាប់តាំងពីឆ្នាំ២០២៣មក លោក សំបូរ បានបង្ហាត់បង្រៀនក្បាច់គុនល្បុក្កតោ ទៅដល់សិស្សគុនខ្មែរ និងបរទេសជាងមួយរយនាក់ហើយ ក្នុងនាមជាគ្រូបង្គោលក្នុងសាលាក្បាច់គុន Premier Martial Arts ដែលជាសាលាក្បាច់គុនមានកេរ្តិ៍ឈ្មោះមួយនៅសហរដ្ឋអាមេរិក ប្រទេសកាណាដា និងចក្រភពអង់គ្លេស និងមានសាខាជាង២០០ទីតាំង។

ក្នុងឆ្នាំ២០២២ លោក Stephen Schwartz ផលិតករភាពយន្ត Power Rangers: Origins និងជាតួអង្គនីនចាពណ៌ក្រហម បានមើលឃើញពីទេពកោសល្យនៃក្បាច់គុនរបស់ លោក សំបូរ ហើយក៏បានផ្តល់ឱកាសដល់រូបគាត់ជួយជ្រោមជ្រែងលើការផលិតភាពយន្តក្នុងតួនាទីជាអ្នករៀបចំឈុតឆាកប្រយុទ្ធ ព្រមទាំងដាក់បញ្ចូលក្បាច់គុនល្បក្កតោក្នុងនោះផងដែរ។

បើសិនជាមិនមានការប្រែប្រួល ទេ រឿង Power Rangers: Origins នឹងចាក់បញ្ចាំងនៅឆ្នាំ២០២៤ ខាងមុខនេះ។ បន្ថែមពីនេះទៅទៀត លោក សំបូរ ក៏ត្រូវបានជ្រើសរើសជាតួអង្គសំដែងក្នុងខ្សែភាពយន្តហូលីវូដមួយរឿងទៀតគឺ «Black Stone Hands» ដែលនឹងរៀបចំថតនៅឆ្នាំ២០២៤ខាងមុខ។ រឿង «Black Stone Hands» ជាជាភាពយន្តកម្រិតស្តង់ដារហូលីវូដមួយ ដែលសាច់រឿងរៀបរាប់ពីដំណើរជីវិតរបស់ លោកគ្រូ កេនយ៉ា ប្រាជ្ញ, រឿងរ៉ាវនៃសង្គ្រាមនៅកម្ពុជា និងជីវិតផ្សារភ្ជាប់ជាមួយក្បាច់គុនល្បុក្កតោរបស់លោកគ្រូ កេនយ៉ា។

ក្រៅពីការងារជាគ្រូបង្គោលក្នុង សាលាគុន Premier Martial Arts លោក គីម សំបូរ ក៏មានការងារជាអ្នកឯកទេសបន្ទប់ត្រួតពិនិត្យ ប្រព័ន្ធរូបភាពX-Rayសម្រាប់វេជ្ជសាស្ត្រ របស់ក្រុមហ៊ុន Varex Imaging ដែលមានទីតាំងនៅរដ្ឋយូថា ព្រមទាំងការងារបន្ថែមម៉ោងជាភ្នាក់ងារសេវាកម្មអតិថិជន ក្នុងក្រុមហ៊ុនអាកាសចរណ៍ American Airlines។ លោក សំបូរ តែងតែបង្ហាញពីក្តីសង្ឃឹម និងឆន្ទៈមុះមុតក្នុងការចូលរួមចំណែកលើកស្ទួយ ថែរក្សា និងផ្សព្វផ្សាយ មរតកវប្បធម៌ខ្មែរ ជាពិសេសសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលជាកេរដំណែលបន្សល់ទុកពីបុព្វបុរស បើទោះបីជាគាត់កំពុងរស់នៅឯនាយសមុទ្រក៏ដោយ។ លើសពីនេះទៅទៀត គាត់ក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់មិនថានៅក្នុង និងក្រៅប្រទេស មេត្តារួបរួមសាមគ្គីគ្នា បញ្ចេញទេពកោសល្យដែលខ្លួនមាន ផ្សព្វផ្សាយ និងគាំទ្រលើកទឹកចិត្ត ដល់សមិទ្ធផល និងស្នាដៃទាំងឡាយណាដែលផ្សារភ្ជាប់នឹងការលើកស្ទួយ ថែរក្សា និងអភិវឌ្ឍន៍ មរតកវប្បធម៌ ដែលជាអត្តសញ្ញាណជាតិកុំឱ្យបាត់បង់៕