(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលខេត្ត មន្ត្រីអគ្គិភ័យមកពីមូលដ្ឋានសមុទ្រ អង្គភាព ង-៧០ មន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បុគ្គលិក ព្រលានយន្តហោះអន្តរជាតិ ដើម្បីបង្កើតភាពស្និទ្ធស្នាល។

លោក គួច ចំរើន បានបញ្ជាក់ថា ជារាងរាល់ឆ្នាំក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌបងប្អូនជាកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេមានតែប្រចាំការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ ក៏ប៉ុន្តែសម្រាប់មន្ត្រីរាជការបានឈប់សម្រាកជួបជុំក្រុមគ្រួសារសប្បាយរីករាយ ព្រោះកងកម្លាំងត្រូវមានភារកិច្ច និងជាការលះបង់ និងស្មារតីក្នុងការចូលរួមការថែរក្សាសុខសុវត្តិភាពជូនប្រជាពលរដ្ឋដោយបង្កើនការទទួលខុសត្រូវ ព្រោះភ្ញៀវបង្កើនការដើរលេងកម្សាន្ត ក៏ប៉ុន្តែកងកម្លាំងត្រូវមានភារកិច្ចមមាញឹកជាងមុន។ ទន្ទឹមនោះបង ប្អូនខាងអគ្គិភ័យក៏ត្រូវត្រៀមលក្ខណសម្បត្តិក្នុងការជួយអន្តរាគមន៍នៅពេលមានគ្រោះអគ្គិភ័យកើងឡើងដោយយថាហេតុណាមួយដោយសារការដុតទៀនធូបដោយការធ្វេសប្រហែស។

អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលិកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងកម្លាំងក្នុងឱកាសបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌនជូនចំពោះអស់លោកជានាយ នាយរង និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពិតហើយថា រដូវភ្ជុំជារដូវឈប់សម្រាកតែកងកម្លាំងមានភារកិច្ចកាន់តែច្រើន ពិសេសខាងផ្នែកចរាចរណ៍ផ្លូវគោក ត្រូវបង្កើនការអបរំផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅតាមចំណុចគោលដៅនានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ស្លាប់ និងរបួសស្នាម ព្រោះគុណតម្លៃនៃការអប់រំផ្សព្វផ្សាយវាបានទទួលលទ្ធផលធំធេងណាស់ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់។

កន្លងមក និងបច្ចុប្បន្នអភិបាលខេត្ត បានយកចិត្តទុកដាក់ជាខ្លាំងដល់ប្រជាពលរដ្ឋចំពោះការធ្វើដំណើរតាមដងផ្លូវ ដូចនេះ លោកបានអំពាវនាវសូមបើកបរត្រូវមានការប្រុងប្រយ័ត្ន សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា មន្ត្រីរបស់យើងមិនចង់ធ្វើការផាកពិន័យ ប្រសិនបើបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ធ្វើឱ្យកម្ពុជាគ្មានគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបាត់បង់អាយុជីវិតមនុស្ស និងពិការភាព។

ក្នុងឱកាសនោះ លោក គួច ចំរើន ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មន្ត្រីអគ្គិភ័យដែលបានចូលរួមប្រកបដោយបរិយាកាសស្និតស្នាល៕