(សៀមរាប)៖ យុវជនស្ម័គ្រចិត្តដែលមកពី ៧ប្រទេសផ្សេងគ្នា បានមកបំពេញបេសកកម្មក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល ១២ថ្ងៃ ដើម្បីស្វែងយល់ពីការងារបេតិកភណ្ឌអង្គរ និងសហគមន៍ពលរដ្ឋតំបន់អង្គរ។ តាំងពីថ្ងៃទី១០ ខែសីហាមក ក្រុមយុវជនស្ម័គ្រចិត្តបានស្តាប់បទបង្ហាញជាច្រើន អំពីកិច្ចការអភិរក្សរមណីយដ្ឋានអង្គរ របស់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។

ដោយឡែក នៅថ្ងៃទី១២-១៣ ខែសីហានេះ ក្រុមយុវជនស្ម័គ្រចិត្តបានចំណាយពេល១យប់២ថ្ងៃ ស្នាក់នៅភូមិធម្មជាតិរុនតាឯក ដើម្បីក្នុងការងារសហគមន៍ជាមួយប្រជាពលរដ្ឋនៅទីនោះផ្ទាល់។ ពួកគេបានចូលរួមដាំដំណាំកសិកម្ម ទស្សនាការប្រគំតន្ត្រីបុរាណដោយអ្នកភូមិ ជិះរទេះគោកម្សាន្តដើម្បីលើកស្ទួយវិស័យទេសចរណ៍សហគមន៍ និងបានចូលរួមដាំដើមឈើចំនួន ៥០០ដើម ជាមួយព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងភូមិធម្មជាតិរុនតាឯក។

កញ្ញា Boram SHIN ដែលជាអ្នកដឹកនាំក្រុមយុវជនស្ម័គ្រចិត្តនេះបានលើកឡើថា កញ្ញាពិតជារីករាយក្រៃលែង ដែលបានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តមកទស្សនាភូមិធម្មជាតិរុនតាឯក។ ជាពិសេស គឺការសម្តែងសិល្បៈបុរាណខ្មែរ ដោយកុមារីតូចៗដែលរស់នៅភូមិធម្មជាតិរុតាឯកផ្ទាល់។ កញ្ញាបន្តថា តាមរយៈការស្នាក់នៅទីនេះ យុវជនបានរៀនសូត្រច្រើនអំពីជីវភាពរស់នៅរបស់សហគមន៍ និងស្គាល់កាន់តែច្រើនអំពីវប្បធម៌ប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ។

យុវជន Hui Tong ជនជាតិចិន និងជានិស្សិតផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យមួយនៃសហរដ្ឋអាមេរិក បានលើកឡើងថា លោកពិតជារំភើបដែលបានទស្សនាការសម្តែងសិល្បៈរបស់កុមារីតូចៗនៅទីនេះ។ «ខ្ញុំរីករាយដែលបានមកទស្សនាភូមិដ៏ស្រស់ស្អាត បានចូលរួមដាំដំណាំជាមួយសហគមន៍ទីនេះ បានដាំដើមឈើ និងបានជិះរទេះគោ។ ខ្ញុំពិតជាសរសើរដោយស្មោះចំពោះការរៀបចំដ៏ល្អនេះ។ ខ្ញុំសង្ឃឹមថានឹងបានមកទីនេះម្តងទៀត ហើយនឹងប្រើប្រាស់ចំណេះដែលខ្ញុំមានដើម្បីរួមចំណែកជួយប្រជាពលរដ្ឋ និងបេតិកភណ្ឌនៅប្រទេសកម្ពុជា»។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ធម្មជាតិរុនតាឯក បានរៀបរាប់ថា ការអភិវឌ្ឍភូមិធម្មជាតិរុនតាឯកបានឈរលើគោលការណ៍ ២សំខាន់គឺ វិស័យកសិកម្ម និងវិស័យទេសចរណ៍។ ក្នុងន័យនេះអាជ្ញាធរជាតិអប្សរាបានបញ្ជូនអ្នកជំនាញកសិកម្មជាច្រើន ដើម្បីមកជួយប្រជាពលរដ្ឋនៅទីនេះ ព្រមទាំងធ្វើកសិកម្មគំរូឲ្យពួកគាត់បានមើលឃើញ និងយកទៅអនុវត្តផ្ទាល់នៅលើដីរបស់ពួកគាត់ផ្ទាល់។ អាជ្ញាធរជាតិអប្សរាក៏បានអភិវឌ្ឍវិស័យទេសចរណ៍នៅទីនេះដែរ ដោយឈរលើទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងនៃភូមិនេះ ដែលមានបឹងធម្មជាតិ ព្រៃព្រឹក្សា និងដំណាំកសិកម្មជាតិ ដែលមិនប្រើប្រាស់ជីគីមី។

សូមរំឭកថា ក្រៅពីស្តាប់បទបង្ហាញពីសំណាក់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងចូលរួមសកម្មភាពមួយចំនួននៅភូមិធម្មជាតិរុនតាឯក យុវជនស្ម័គ្រចិត្តទាំង៧ប្រទេសដោយរួមទាំងកម្ពុជាផងនេះ នឹងបន្តបេសកកម្មទៅសិក្សាលើការដ្ឋានជួសជុលនៅតំបន់អង្គរ ចូលរួមធ្វើកំណាយជាមួយអ្នកបុរាណវិទ្យា និងចូលរួមផ្សព្វផ្សាយអំពីក្រមប្រតិបត្តិអង្គរ តាមរយៈការបំពេញតួនាទីជាភ្នាក់ងារទេសចរណ៍ផងដែរ៕