(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញពីភាពរីកចម្រើនមួយចំនួនដែលជាវិស័យអទិភាពលើការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ជូនគណៈប្រតិភូវិនិយោគចិន ទីក្រុងស៊ិនជិន ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងវិនិយោគ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តព្រះសីហនុ របស់កម្ពុជា និងទីក្រុងស៊ិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ជា សែ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍, លោក ត័ង ស៊ី (WANG Shi) នាយកមូលនិធិក្រុងស៊ិនជិន អភិបាលក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រី ជា អគ្គនាយក នាយក, អ្នកគ្រប់គ្រង និងសហការី នៃបណ្តាក្រុមហ៊ុន សហគ្រាសមកពីទីក្រុងស៊ិនជិន អ្នកសារព័ត៌មានជាតិ អន្តរជាតិ នៅសណ្ឋាគារឆ្នៃឯករាជ្យ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ០២៣។
ថ្លែងក្នុងកិច្ចប្រជុំលោក គួច ចំរើន តាងនាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ រីករាយយ៉ាងក្រៃលែង ដោយបានធ្វើបដិសណ្ឋារកិច្ចទទួលគណៈប្រតិភូទីក្រុងស៊ិនជិ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មកាបូនទាប និងការអភិវឌ្ឍប្រកបដោយចីរភាព រវាងខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន នៅលើទឹកដីឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ ក្នុងពេលនេះ ដែលជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន។
អភិបាលខេត្តបានរៀបរាប់ពីខេត្តព្រះសីហនុ បច្ចុប្បន្នតំបន់ ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ហើយក៏មានធនធានធម្មជាតិដ៏សម្បូរបែបគ្របដណ្តប់លើផ្ទៃដីសរុប ២,៦៥៩គីឡូម៉ែត្រក្រឡា និងជាខេត្តដែលមានអ្នកវិនិយោគសចរណ៍ ជនជាតិចិនច្រើនជាងគេ ក្រៅពីនេះក្នុងខេត្តក៏មានវិស័យកំពុងរីកចំរើនជាច្រើនសំខាន់ៗទៀតរួមមាន៖ វិស័យសេដ្ឋកិច្ច វិស័យឧស្សាហកម្ម ពាណិជ្ជកម្មទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់រួមចំណែកអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។
លោក គួច ចំរើន បានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច និងប្រជាជនស្របជាមួយនឹងការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ អគារខ្ពស់ៗ និងតំបន់ពាណិជ្ជកម្មជាច្រើន តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជអាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ព្រមទាំងឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត ហើយត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងក្នុងប្រទេសកម្ពុជា។ ស្របពេលនេះដែរ ខេត្តព្រះសីហនុ មានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ៤,៨៥៧ដុល្លារអាមេរិក ដែលខ្ពស់ជាងគេក្នុងចំណោមរាជធានី-ខេត្ត និងមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៦.៨%។
ជាមួយវិស័យជាច្រើនបានកំពុងរីកចម្រើន ខេត្តព្រះសីហនុមានហេដ្ឋរចនាសម្ព័ន្ធគ្រប់ប្រភេទ ដើម្បីគាំទ្រដល់ការអភិវឌ្ឍខេត្ត រួមមាន ផ្លូវទឹក កំពង់ផែសមុទ្រអន្តរជាតិចំនួន៣ ផ្លូវអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ផ្លូវគោកថ្មីៗនេះ រដ្ឋបាលខេត្តបានបញ្ចប់ការស្ថាបនាផ្លូវមេចំនួន ៣៧ខ្សែ ជាពិសេសមានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ មាន៣ទីតាំង មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៣២,៤០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
បច្ចុប្បន្នរដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមយ៉ាងសកម្មក្រោមការចង្អុលបង្ហាញពីគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបានសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាល ហិរញ្ញវត្ថុ ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ និងឧត្តមភាព នវានុវត្តន៍ខ្ពស់សំដៅរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ ខាងមុខ៕