(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ច និងជាក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា ទទួលបន្ទុកខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបន្តដឹកនាំក្រុមការងារចំពោះកិច្ច ចុះត្រួតពិតិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ាឡៃ និងច្រកទ្វារអន្តរជាតិបឹងត្រកួន ស្ថិតក្នុរស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យស្ថានភាពច្រកទ្វារព្រំដែនម៉ាឡៃ ដោយផ្ទាល់របស់ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានធ្វើនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះមានការចូលរួមពីនាយឧត្តមសេនិយ៍ ឃុន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោក ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច មកពីស្ថាប័នក្រសួងជាសមាជិកក្រុមការងារគណៈកម្មការចំពោះកិច្ច។
ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯក សៀក សុជាតិ បានក្រើនរំលឹកនែនាំដល់សមត្ថកិច្ចឈរជើងតាមច្រកទ្វារព្រំដែនផ្លូវការជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នឹងក្រោភ្ជុំបិណ្ឌបង្កលក្ខណៈងាយស្រួលដល់ដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន ទៅដល់ស្ថាបន័ជំនាញជួយបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត។
បន្ទាប់ពីចុះត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ វេលាម៉ោង ២:០០នាទីរសៀល ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបឹងត្រកួន ស្ថិតក្នុរស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រោយពីបានស្តាប់នូវសេចក្តីរាយការណ៍របស់សមត្ថកិច្ចឈរជើងនៅច្រកបឹងត្រកួនរួចមក ប្រធានក្រុមការងារបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីឈរជើងនៅច្រកទ្វារព្រំដែន ត្រូវពង្រឹងវិធានការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដើម្បីជួយសម្រួលដល់ការឆ្លងដែនចេញ-ចូលរបស់ប្រជាពលរដ្ឋ ពង្រឹងការគ្រប់គ្រងស្ថិតិលំហូរការឆ្លងដែនរបស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ និងត្រូវអប់រំដល់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនឱ្យបានយល់ជ្រួតជ្រាបពីច្បាប់ និងបទបញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងការឆ្លងកាត់ព្រំដែន៕