(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ច និងជាក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា ទទួលបន្ទុកខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបន្តដឹកនាំក្រុមការងារចំពុះកិច្ច ចុះត្រួតពិតិត្យ និងស្តាប់របាយការណ៍ទាក់ទងនឹងពលករឆ្លងដែននៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
នាឱកាសដឹកនាំក្រុមការងារចំពោះកិច្ច នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានក្រើនរំលឹកដល់ស្ថាប័នជំនាញច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីជួយបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់ភ្ញៀវទេចរក៏ដូចជាពលករឆ្លងដែនអន្តរជាតិ ដើម្បីលើកស្ទួយនូវជីវភាព ដំណើរចេញ-ចូលរបស់ពលករខ្មែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ ក្រោយពីទទួលបានភារកិច្ច និងការចាត់តាំងបញ្ជាផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការណែនាំជាប្រចាំរបស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជា លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានដឹកនាំបញ្ជាផ្ទាល់នៅតាមច្រកទ្វារព្រំដែនក្នុងទាំង៣រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីពិនិត្យមើលការចេញ-ចូលរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាពិសេសពលករខ្មែរ ដែលសម្រុកមកស្រុកកំណើត ដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានណែនាំជាប្រចាំឱ្យសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនជួយសម្រួលបែបបទ និងឯកសារនានាឱ្យមានប្រសិទ្ធភាព និងឆាប់រហ័សជូនដល់ពលករខ្មែរ។
លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានណែនាំឱ្យបង្កើតក្រុមការងារមួយដើម្បីប្រចាំការនៅតាមច្រកទ្វារព្រំដែន ដើម្បីប្រចាំការនៅតាមច្រកទ្វារព្រំដែន។ បន្ថែមពីនេះ ត្រូវបង្ហាញលេខទូរស័ព្ទ សម្រាប់ប្រជាពលរដ្ឋទាក់ទង ផ្តល់ព័ត៌មានផ្សេងៗជាដើម ដើម្បីជួយសម្រួល អន្តរាគមន៍ និងដោះស្រាយបញ្ហាជូនពួកគាត់ផងដែរ។
លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានស្នើសុំអភិបាលខេត្តទាំង៣ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវការងារមួយចំនួន ដូចខាងក្រោម៖
ទី១៖ ត្រូវណែនាំដល់សមត្ថកិច្ចឈរជើងនៅតាមច្រកទ្វារព្រំដែនផ្លូវការ បង្កលក្ខណៈងាយស្រួល ដល់ដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន ជាពិសេសនៅក្នុងរដូវភ្ជុំបិណ្ឌ។ ត្រូវបើកច្រកទ្វារព្រំដែនផ្លូវការទាំងអស់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលករខ្មែរចេញ-ចូល បានឆាប់រហ័ស និងទាន់ពេលវេលា។
ទី២៖ ត្រូវចាត់វិធានការដើម្បីពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅតាមបណ្តាច្រកទ្វារព្រំដែន។
ទី៣៖ ត្រូវក្រើនរំលឹក និងណែនាំដល់សមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការយកកម្រៃក្រៅផ្លូវការពីពលករ។
ទី៤៖ ត្រូវចាត់តាំងថ្នាក់ដឹកនាំខេត្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមដានជាប្រចាំអំពីស្ថានភាពនៃការធ្វើដំណើរចេញ-ចូលរបស់ពលករខ្មែរ និងរាយការណ៍មកក្រុមការងារត្រួតពិនិត្យដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន នៅមុនម៉ោង១៦ និង៣០នាទី ជារៀងរាល់ថ្ងៃ។
ទី៥៖ ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបញ្ចៀសពលករកុំឱ្យចាញ់បោកមេខ្យល់។
ទី៦៖ ត្រូវគ្រប់គ្រងស្ថិតិ និងលំហូរពលករចេញ-ចូលឆ្លងកាត់ព្រំដែនឱ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើង។
ទី៧៖ ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិត ដែលអូសទាញ ពលករឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។
ទី៨៖ អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែនត្រូវសហការសម្របសម្រួលជាមួយ អាជ្ញាធរថៃ ដើម្បីសម្រួលភាពងាយស្រួលដល់ដំណើរចេញ ចូលរបស់ពលករខ្មែរ។
និងទី៩៖ ត្រូវផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមសហការ និងរាយការណ៍នូវរាល់ភាព មិនប្រក្រតីនានានៅតាមតំបន់ព្រំដែន និងតាមបណ្តាច្រកទ្វារព្រំដែន។