(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឲ្យប្រជាពលរដ្ឋបានដំណើរការឆ្លងកាត់ជាបណ្តោះអាសន្នស្ពានកោះនរា-កោះពេជ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌនេះ។
ក្នុងឱកាសអញ្ជើញទៅពិនិត្យស្ថានភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីជំនាញពាក់ព័ន្ធបានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាប្លិ៍កោះនរា-កោះពេជ្រនេះ ក្នុងគោលបំណងសម្រួលចរាចរ ចំណាយពេលវេលាតិច និងចំណាយថវិកាតិច ជាពិសេសដើម្បីអបអរសាទរព្រះរាជបិធីបុណ្យអ៊ុំទូក បណ្តែប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខនេះ បន្ទាប់ពីស្ពាននេះសម្ពោធជាផ្លូវការ។
លោកអភិបាលរាជធានី បន្ថែមថា ការដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានខ្សែកាប្លិ៍ថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំការឯកភាពពីសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គួរបញ្ជាក់ថា ស្ពាននេះមានប្រវែង៨២៤ម៉ែត្រ ទទឹង២៤,៥០៦ម៉ែត្រ មាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។
ស្ពានកោះនរានេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ានស្មានត្រូវប្រើប្រាស់រយៈពេល៣៥ខែ ដើម្បីស្ថាបនា និងបានចំណាយទុនវិនិយោកប្រមាន៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC ក្រោមការគ្របគ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ស្ពាននេះបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញពីច្បាអំពៅ ឆ្ពោះមកមជ្ឈមណ្ឌលកោះពេជ្រ និងមកកណ្តារាជធានីភ្នំពេញ ដែលកន្លងមកមានការកកស្ទះចរាចរជារៀងរាល់ថ្ងៃ បើទោះបីជាសាលារាជធានីភ្នំពេញ បានដាក់សាឡាងសម្រាប់ចំលងអ្នកដំណើរជាប់ការដ្ឋានស្ពាននេះរហូតដល់ទៅ៤គ្រឿងក៏ដោយ ក៏នៅតែមានការកកស្ទះដដែល។
ជាមួយគ្នានេះ ក៏អាចរំដោះចរាចរចេញពីរាជធានីភ្នំពេញ ទៅផ្លូវជាតិលេខ១វិញ និងកាត់បន្ថយការកកស្ទះនៅផ្លូវព្រះមុន្នីវង្ស បានមួយចំណែកធំផងដែរ៕