(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចម្រើនព្រះបរិត្ត នៃពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែកខាងត្បូង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិកគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង លោកតា លោកយាយ និងបងប្អូនពុទ្ធបរិស័ទជាច្រើនកុះករ។

កិច្ចពិធីបានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ ធ្វើបទនមស្ការ សមាទានសីល ព្រមទាំងនិមន្តព្រះមន្ត្រីសង្ឃ និងព្រះសង្ឃចម្រើនព្រះបរិត្ត ក៏ដូចជានិមន្តព្រះធម្មកថិកសម្តែងធម៌ទេសនា អំពីអានិសង្សនៃការរៀបចំពិធីកាន់បិណ្ឌផងដែរ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ ក្នុងនាមមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួង បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ចំពោះព្រះភិក្ខុសង្ឃគ្រប់ព្រះអង្គ ជាកិច្ចឧទ្ទិសកុសល ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូនទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ៕