(ភ្នំពេញ)៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ឡាយព្រះហស្ថលេខា ប្រកាសឱ្យប្រើប្រាស់ព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោមងារឧកញ៉ា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តាមរយៈព្រះរាជក្រឹត្យដែលមាន១១ជំពូក និង២៦មាត្រា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះបានបញ្ជាក់យ៉ាងច្បាស់នូវបទប្បញ្ញត្តិនៃគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា, ស្ថាប័នដែលពិនិត្យ និងវាយតម្លៃសំណើសុំគោរមងារឧកញ៉ា, លំដាប់ថ្នាក់គោរមងារឧកញ៉ា (៣ថ្នាក់៖ ទី១-លោកអ្នកឧកញ៉ា, ទី២៖ អ្នកឧកញ៉ា និងទី៣-ឧកញ៉ា), ឯកសណ្ឋានផ្លូវការរបស់គោរមងារឧកញ៉ា, សិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាទាំង ៣ថ្នាក់ និងនីតិវិធីបញ្ចប់គោរមងារឧកញ៉ាជាដើម។
បើតាមព្រះរាជក្រឹត្យនេះ សមាគមឧកញ៉ាកម្ពុជា ត្រូវបានកំណត់ជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យអ្នកទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា ហើយក្នុងការជួយរាជរដ្ឋាភិបាល ក្នុងការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្ដល់គោរមងារឧកញ៉ា រួមទាំងការធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់ឧកញ៉ាផងដែរ។
ក្នុងជំពូកទី៧ មាត្រា១៩ បានចែងថា សមាគមឧកញ៉ាកម្ពុជា ដែលបានចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលស្គាល់ជាដៃគូ របស់រាជរដ្ឋាភិបាលលើការងារដូចខាងក្រោម៖
* ជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យគោរមវន្ដទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
* ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្ដល់គោរមងារឧកញ៉ា ស្របតាមព្រះរាជក្រឹត្យនេះ
* ជួយរាជរដ្ឋាភិបាលលើការប្រមូលវិភាគទានពីគោរមវន្ត អនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
* ជួយរាជរដ្ឋាភិបាលលើការធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់គោរមវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា
* ជួយរាជរដ្ឋាភិបាលលើការពិនិត្យសំណើ សុំផ្ដល់ងារជាកិត្តិយស បុព្វសិទ្ធិនានា ឬការតែងតាំងក្នុងមុខងារនានាដល់គោរមវន្ត ស្របតាមមាត្រា២១នៃព្រះរាជក្រឹត្យនេះ
* ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងសកម្មភាពផ្សេងទៀត ដើម្បីប្រយោជន៍ដល់សង្គម
* អមដំណើរជាមួយនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មមួយចំនួនទាំងក្នុង និងក្រៅប្រទេស តាមការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រី សំដៅជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅព្រះរាជាណាចកកម្ពុជា៕