(ត្បូងឃ្មុំ)៖ ដើម្បីជួយសម្របសម្រួលបន្ទុកចំណាយរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី សិស្ស-និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំរថយន្តក្រុង ចំនួន ០៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនបងប្អូនពី ចំណតរថយន្តផ្សារសួង ក្រុងសួង ទៅកាន់បណ្តាស្រុក ក្នុងខេត្តត្បូងឃ្មុំ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ក្នុងនោះរថយន្តក្រុងនឹងចេញដំណើរពីផ្សារសួង ទៅកាន់បណ្តាស្រុក ដែលមានខ្សែថយន្ត និងពេលវេលាធ្វើដំណើរ ដូចខាងក្រោម៖
ខ្សែរថយន្តទី១៖ ទីតាំងចំណតរថយន្តផ្សារសួង ចេញដំណើររៀងរាល់ម៉ោង ១០:៣០នាទី ព្រឹក ទៅកាន់ទីតាំងសាលាស្រុកតំបែរ និងសាលាស្រុកក្រូចឆ្មារ។
ខ្សែរថយន្តទី២៖ ទីតាំងចំណតរថយន្តផ្សារសួង ចេញដំណើររៀងរាល់ម៉ោង ១០:៣០នាទី ព្រឹក ទៅកាន់ទីតាំងសាលាស្រុកពញាក្រែក និងសាលាស្រុកមេមត់។
ខ្សែរថយន្តទី៣៖ ទីតាំងចំណតរថយន្តផ្សារសួង ចេញដំណើររៀងរាល់ម៉ោង ១០:៣០នាទីព្រឹក ទៅកាន់ទីតាំងសាលាស្រុកត្បូងឃ្មុំ និងសាលាស្រុកអូររាំងឪ៕