(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ អន្លង់វិល ឃុំរកា និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងក្រុមការងារនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ បានយកអំណោយដែលជាមូលនិធិសប្បុរសធម៌របស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង ដល់តាមផ្ទះប្រជាពលរដ្ឋ ដែលក្នុងគ្រួសារមានសមាជិកសម្រាលកូន និងគ្រួសារដែលមានសមាជិកទទួលមរណភាព ស្ថិតនៅក្នុងឃុំអន្លង់វិល ឃុំរកា និងអូរដំបង១ សរុបចំនួន៨៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា២០០,០០០រៀល និងសម្ភារមួយចំនួនផេ្សងទៀត អស់ថវិកាសរុបចំនួន ២៩,៩៥០,០០០រៀល។
នាក្នុងឱកាសនោះលោកឧត្តមសេនីយ៍ បានសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនប្រជាពល រដ្ឋរស់នៅក្នុងឃុំអន្លង់វិល ឃុំរកា និងអូរដំបង១ ហើយបានណែនាំ ដល់សមាជិកក្រុមការងារចុះជួយឃុំទាំង៣ ឲ្យជួយជម្រុញបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ឲ្យរួសរាល់ទៅធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីបានចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខឲ្យបានគ្រប់ៗគ្នា ទើបអាចមានសិទ្ធិបោះឆ្នោតបាន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានដាក់ចេញនូវផែនការទិសដៅ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ខាងមុខនេះ ដើម្បីឲ្យទទួលបានជោគជ័យ។
លើសពីនេះ លោកឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើរការសួរសុខទុកពីសំណាក់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ហើយជានិច្ចជាការសម្តេចក្រឡាហោម និងលោកជំទាវ តែងតែយកចិត្តទុកដាក់ គិតគូដល់សុខ ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប៕