(កោះកុង)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសាខាខេត្តកោះកុង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ បានរៀបចំពិធីសំណេះសំណាល និងរៀបចំផែនការយុទ្ធសាស្ដ្រ ជាមួយនិស្សិតដែលកំពុងសិក្សា និងត្រៀមលក្ខណៈប្រឡងនាពេលខាងមុខនេះ។
ពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមវត្តមាន លោក ប៊ុន ភារិន នាយកវិឡាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោក ជីម ម៉ុន ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសាខាខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ និងនិស្សិតប្រមាណជាង២០០នាក់។
ក្នុងឱកាសនោះ លោក ជីម មុន ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសាខាខេត្ត បានលើកឡើងថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាសាខាខេត្ត ចាប់ផ្តើមដំណើរការពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ ដែលថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធអញ្ជើញចូលរួមជាសក្ខីភាព ចុះអនុស្សរណៈយោគយល់គ្នា។
លោកបន្ដថា វិទ្យាស្ថានជាតិ មានទស្សនៈដឹកនាំ និងអភិវឌ្ឍកម្មវិធីសិក្សា ដើម្បីរួមចំណែកក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍន៏ធនធានមនុស្សស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រមុខដឹកនាំវិទ្យាស្ថាន បានខិតខំបង្កើន និងលើកកម្ពស់គុណភាពសេវាអប់រំជាប្រចាំ សំដៅឆ្លើយតបឲ្យសមស្របទៅនឹងស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍន៏ប្រទេសជាតិ ជាពិសេសប្រកបដោយប្រសិទ្ធភាព និងតម្រូវការនៃទីផ្សារពលកម្មក្នុងស្រុក ក្រៅស្រុក។
លោកបន្ថែមថា គោលដៅរបស់វិទ្យាស្ថានជាតិបង្កើនការចូលរួមក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយចំណាយរបស់និសិ្សត ក៏ដូចជាអាណាព្យាបាល លើកកម្ពស់វិស័យអប់រំសិក្សាធិការឲ្យបានសមស្រប បណ្តុះបណ្តាលនិសិ្សតឲ្យមានមនសិការស្រលាញ់ជាតិមាតុភូមិ ផ្តល់កម្មវិធីសិក្សាចម្រុះសម្រាប់គ្រប់មជ្ឈដ្ឋានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាស្ថាប័នអង្គភាព អង្គការជាតិ និងអន្តរជាតិ បង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីទិសដៅផែនការណ៍អនុវត្តន៍ ជាយុទ្ធសាស្រ្តសម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន២០១៦-២០១៧ និងគោលដៅលើវិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជាសាខាខេត្ត ត្រូវអនុវត្តន៍ផែនការយុទ្ធសាស្រ្តសម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដើម្បីស្រូបយកនិសិ្សតពី ២០០-៣០០នាក់ ក្នុងឆ្នាំ២០១៦-២០១៧ ដើម្បីឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យទាំង៩ របស់គណៈកម្មាធិការបណ្តុះបណ្តាល។
ជាមួយគ្នានេះដែរ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឲ្យដឹងថា «សូមនិសិ្សតទាំងអស់ត្រូវយកចិត្តទុកដាក់ ទៅលើការសិក្សាដើម្បីបង្កើនធនធានមនុស្ស ឲ្យបានច្រើនក្នុងខ្លួន ដើម្បីងាយស្រួលក្នុងការរកការងារធ្វើសម្រាប់អនាគតខ្លួនឯង និងជួយស្ថាបនាជាតិដើម្បីអភិវឌ្ឍឲ្យមានភាពរីកចម្រើន ហើយនិសិ្សតត្រូវមានតួនាទីសំខាន់ ក្នុងការកសាងប្រទេសឲ្យមានភាពរីកចម្រើន លើគ្រប់វិស័យសម្រាប់ប្រទេសជាតិ ហើយនិសិ្សតជាសសរទ្រូងនៃប្រទេសជាតិផងដែរ»។ ជាចុងក្រោយ លោកបានបញ្ជាក់ថា និសិ្សតទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា មិនចំណាយពេលវេលាចោល ដោយឥតប្រយោជន៍នោះទេ ព្រោះពេលវេលាជាមាសប្រាក់ សម្រាប់ខ្លួនឯង៕