(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែតុលា ឆ្ឆ្នាំ២០២៣នេះ ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានសម្របសម្រួលបែបបទរហ័សជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅស្រុកកំណើត។

នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញមានបងប្អូនពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ បានធ្វើដំណើរមកលេងស្រុកកំណើតជាបន្តបន្ទាប់ នៅតាមច្រកព្រំដែននានា ហើយមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកនីមួយៗ បានសម្រួលការធ្វើដំណើរចេញ-ចូល របស់ពលករបានយ៉ាងល្អប្រសើរ និងឆាប់រហ័ស។

ជាក់ស្តែងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ សង្កេតឃើញពលករខ្មែរ ជាច្រើននាក់ បានចូលមកកាន់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

លោកនាយប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានចែកក្រមា ជូនដល់បងប្អនពលករខ្មែរត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងបងប្អូនពលករខ្មែរចេញទៅធ្វើការនៅប្រទេសថៃ ចំដើម្បីទុកជាអនុស្សាវរីយផងដែរ៕