(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃស្រុកចំនួន០៤ រួមមានស្រុករតនមណ្ឌល ស្រុកសំឡូត ស្រុកកំរៀង និងស្រុកសំពៅលូន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣។

ពិធីនេះប្រារព្ធនៅទីតាំងបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥២ ភូមិផ្លូវមាស ស្រុករតនមណ្ឌល មានការអញ្ជើញចូលរួមពីកងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល- វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត កងការពារព្រំដែនលេខ ៥០២ ស្រុកសំឡូត វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៣ ទីតាំងទី២ ស្ថិតនៅ បញ្ជាការដ្ឋានកងពល តូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង។ ដោយមានការអញ្ជើញចូលរួមពីកងពលតូចថ្មើជើងលេខ៥៣ ស្រុកកំរៀង- វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ស្រុកកំរៀង វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន ។

នាឱកាសនោះលោក សុខ លូ បានថ្លែងកោតសរសើរដល់កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដីនិងជាពិសេស មិនត្រឹមតែមានភារកិច្ចការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពជូនប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ជាដើម។

លោក សុខ លូ ក៏បានណែនាំដល់កងកម្លាំងបន្តខិតខំពង្រឹងវិន័យរបស់ខ្លួន បន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសបញ្ហាគ្រឿងញៀនយើងត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យខានតែបាន ជាពិសេសនៅតាមបណ្ដោយព្រំដែននេះអាចនឹងមានការលួចលាក់នាំចូល នាំចេញនូវសារធាតុញៀន ឬគ្រឿងញៀនគ្រប់ប្រភេទតាមព្រំដែននេះតែម្ដង ។

ក្នុងឱកាសនោះដែរលោក សុខ លូ ក៏បាននាំយកអំណោយរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នូវអង្ករ ៨តោន (ក្នុងមួយអង្គភាពទទួលបាន ២តោន) និងនាំយកថវិកាចំនួន ៨,០០០,០០០រៀល (ក្នុងមួយអង្គភាពទទួលបាន ២,០០០,០០០រៀល) ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនដល់ វរៈសេនាតូចនគរ បាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត -វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៣ វរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ស្រុកសំពៅលូន។

អំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង មួយចំនួនដូចជា៖ ភេសជ្ជៈចំនួន៣០កេស ទឹកសុទ្ធ៥០កេស នំអន្សមជ្រូក ១ស្លឹក សាច់ជ្រូកស្រស់ ៦០គីឡូក្រាម បន្លែស្រស់ ៥០គីឡូក្រាម ម៉ាស់២០ប្រអប់ អាកុល៦០លីត្រ និងថវិកា ៦លានរៀល ដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕