(កំពង់ចាម)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងដំណើរត្រឡប់មកពីដាក់ឲ្យប្រើប្រាស់ឡជីវឧស្ម័ន និងសំណេះសំណាលជាមួយមន្រ្តីវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាក្នុងខេត្តត្បូង ឃ្មុំហើយនោះ ក៏បានឈាងចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាកសិករនៅក្នុងឃុំសំរោង ស្រុកព្រៃ ឈរ ខេត្តកំពង់ចាម។

ជំនួបដែលធ្វើឡើងភ្លាមៗទាំងក្រោមដំណក់ភ្លៀងនេះ គឺលោករដ្ឋមន្រ្តីចង់ដឹងពីការដាំដុះ និងបញ្ហានានារបស់ប្រជាកសិករជុំវិញការដាំដុះ របស់ពួកគេ។ ជំនួបនៅកណ្តាលវាលស្រែនោះ លោករដ្ឋមន្រ្តី វេង សាខុន បានជំរុញឲ្យប្រជាកសិករដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វបន្ទាប់ បន្សំ ដើម្បីរកប្រាក់កម្រៃបន្ថែមសម្រាប់ទ្រទ្រង់ជីវភាព ដោយមិនត្រូវរង់ចាំតែប្រាក់កម្រៃពីការធ្វើស្រែមួយមុខនោះទេ។

ក្រៅពីណែនាំឲ្យចិញ្ចឹមសត្វ និងដាំបន្លែ ដើម្បីបន្ថែមប្រាក់កម្រៃហើយនោះ លោក វេង សាខុន ក៏បានណែនាំឲ្យប្រជាកសិករយកចិត្តទុក ដាក់ថែទាំស្រូវឲ្យបានជាប់ជាប្រចាំ ដើម្បីឲ្យស្រូវលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់។

បន្ទាប់ពីសំណេះសំណាល មុនឡើងរថយន្តបន្តដំណើរមកកាន់រាជធានីភ្នំពេញវិញ លោក វេង សាខុន ក៏បានចែកក្រមា និងថវិកាមួយចំនួនជូនដល់ប្រជាកសិករផងដែរ។ សូមបញ្ជាក់រដ្ឋមន្រ្តីថ្មី នៃក្រសួងកសិកម្ម លោក វេង សាខុន ដែលមានកុមារភាពជាកូនអ្នកចំការដែរ នោះ តែងតែបានចុះជួបប្រជាកសិករនៅវាលស្រែ ដើម្បីបានសំណេះសំណាលស្វែងយល់ពីការដាំដុះ និងបញ្ហារបស់ប្រជាកសិករ។ រាល់ ពេលចុះជួបប្រជាកសិករលោករដ្ឋមន្រ្តី តែងបានណែនាំឲ្យប្រជាកសិករយកចិត្តទុកដាក់ថែទាំងស្រូវ ហើយជំរុញឲ្យដាំបន្លែ និងចិញ្ចឹមសត្វបន្ថែម ដើម្បីរកកម្រៃបន្ថែមជួយទ្រទ្រង់ដល់ជីវភាព៕