(ភ្នំពេញ)៖ បន្ទាប់ពីសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងក្នុងស្មារតីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងដោយសេចក្ដីសាទរថា លោកឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជាបុគ្គលគន្លឹះដែលតែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។ ជាពិសេស បទល្មើសគ្រឿងញៀន អំពើរត់ពន្ធ-ជួញជូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ជាដើម។
លោកអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតជូន លោកឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ដឹកនាំគណៈប្រតិភូក្រសួងនគរបាលវៀតណាម ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
ក្នុងជំនួបនេះ ខាងភាគីវៀតណាម បន្ទាប់ពីពាក្យពេចន៍ថ្លែងអំណរគុណ ចំពោះការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងនាំមកនូវការផ្ដាំផ្ញើពាក្យពេចន៍ជូនពរប្រកបដោយអត្ថន័យពីសំណាក់ លោកឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជូនចំពោះលោកអភិសន្តិបណ្ឌិត ស សុខា។
លោកឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង បានសម្ដែងការជឿជាក់ថា ក្រោមការដឹកនាំរបស់ លោកអភិ សន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងការរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋកម្ពុជា។
ក្នុងស្មារតីគាំទ្រផងដែរនោះ លោក លឿង តាមក្វាង បានសម្ដែងការអបអរសាទរ និងថ្លែងសព្វសាធុការពរជូន លោកអភិសន្តិបណ្ឌិត ដែលត្រូវបានរដ្ឋសភាព បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ក្នុងតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងជូនពរ គណៈប្រតិភូក្រសួងនគរបាលវៀតណាម សូមសម្រេចបានជោគជ័យក្នុងបេសកកម្មបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៣។
ទន្ទឹមនេះ លោកអភិសន្តិបណ្ឌិត ក៏បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះ លោកឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដែលបានផ្ញើសារគាំទ្រ អបអរសាទរ និងជូនពរក្នុងឱកាសដែល លោកអភិសន្តិបណ្ឌិត ចូលកាន់តំណែងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕