(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា មន្ត្រីហាត់ការ កម្មករ នៃសាលាខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

លោក សុខ លូ បានថ្លែងនូវការកោតសរសើរចំពោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញអស់ពីសមត្ថភាព ជំនាញនីមួយៗ ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក៏ដោយ យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់នោះទទួលបានលទ្ធផលល្អប្រសើរថែមទៀត ស្របទៅតាមគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាឱកាសនោះដែរ លោកអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ នៅក្នុងសាលាខេត្ត ត្រូវខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យា ទាន់សម័យនាពេលបច្ចុប្បន្ន ក្នុងនោះផងដែរ។

លោក សុខ លូ បានសូមស្នើឱ្យមន្ត្រីយើងម្នាក់ៗខិតខំព្យាយាមរៀនសូត្រពីរៀមច្បងដែលមានពិសោធន៍ការងារមុនៗ ហើយក៏សំណូមពរដល់ថ្នាក់ដឹកនាំនៅតាមទីចាត់ការ-អង្គភាពនីមួយៗ សូមផ្ដល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារល្អៗ ពោលគឺ អ្នកចេះបង្រៀនអ្នកមិនចេះហើយអ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់ចំណេះដឹងពីអ្នកមានបទពិសោធន៍មុនៗ។

ក្នុងពិធីនេះដែរ លោកក៏បានណែនាំដល់មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តទិសដៅការងារសំខាន់ៗនៅចំពោះមុខជាបន្តបន្ទាប់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជា ផែនការទិសដៅការងារដែលបានដាក់ចេញដោយរដ្ឋបាលខេត្តឱ្យបានល្អប្រសើរផងដែរ៕