(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញរួមគ្នាទៅពិនិត្យមើលពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬហៅថា ផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ ហើយដែលមានស្តង់លក់ដូរ ចំនួន ៦០០០ស្តង់។

ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជានេះ លោក ឃួង ស្រេង បានថ្លែងថា នេះជាការវិនិយោគសាងសង់ទីផ្សារដ៏មានសក្តដានុពល ដែលរាជធានីភ្នំពេញចង់បាន។ ក្រោយពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៦ ដំណើរការសាងសង់ក៏ចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ លើផ្ទៃដីជាង ២០ហិកតា ដោយសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន។

អភិបាលរាជធានីភ្នំពេញ បានបន្តថា៖ «ផ្សារនេះក៏នឹងជួយរំលែកបងប្អូនអាជីវករពីលើផ្លូវព្រះមុនីរ៉េត ផ្សារដើមគរ ដែលបង្កឲ្យបាត់សណ្តាប់ធ្នាប់»

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ទីតាំងផ្សារបោះដុំនេះ ស្ថិតលើដងវិថីឈ្នះឈ្នះ ជាចំណុចកណ្តាលនៃការចែកចាយទំនិញ ហើយប្រទេសជិតខាង ពិសេសអ្នកវិនិយោគមកពីប្រទេសចិន អាចយកទំនិញរបស់ខ្លួនមកបង្ហាញ និងលក់នៅទីផ្សារដ៏ធំមួយនេះ។ សម្រាប់បងប្អូនអាជីវករដែលមានបំណងមកលក់ ដូរនៅទីនេះ អាចដាក់ពាក្យមកក្រុមហ៊ុន នឹងមិនយកថ្លៃស្តង់រយៈពេល២ឆ្នាំ។

លោក Wang Wen Tian បានអបអរសាទរ ចំពោះគំរោងវិនិយោគផ្សារបោះដុំដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ថា៖ «នេះជាការបង្ហាញឱ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃយុទ្ធសាស្ត្រ ត្បូងពេជ្រកម្ពុជា-ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំនៃប្រទេសទាំង២»

លោកបានបន្តថា លោករីករាយពេលបានឃើញពីការយកចិត្តទុកដាក់នឹងគាំទ្ររាល់គម្រោងរបស់ចិន នៅរាជធានីភ្នំពេញ ហើយស្ថានទូតចិន នឹងបន្តកិច្ចសហការវិនិយោគនៅរាជធានីភ្នំពេញ តាមរយៈការជំរុញវិនិយោគិនរបស់ចិនមកវិនិយោគនៅកម្ពុជា និយាយដោយឡែកនៅរាជធានីភ្នំពេញ ឱ្យកានតែច្រើនថែមទៀត៕