(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តសៀមរាប សម្រាប់អាណត្តថ្មី ដែលមានរយៈពេល៥ឆ្នាំ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ តំណាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ព្រមទាំងប្រធាន និងតំណាងសហគមន៍ និងអង្គការសង្គមស៊ីវិលជាតិ នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ទីចាត់ការរដ្ឋបាល និងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាចូលរួមផងដែរ។

នាឱកាសនោះដែរ លោក អ៊ាន ឃុន បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយអំពីសមាសភាព តួនាទីភារកិច្ច និងរបៀបរបបការងាររបស់គណៈកម្មាធិការបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យ ប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះ ក៏ដើម្បីផ្សព្វផ្សាយ អំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត និងពិភាក្សាគ្នាអំពីកាលបរិច្ឆេទ នៃការប្រកាសជ្រើសរើសប្រធាន អនុប្រធានការិយាល័យខេត្ត។  

លោក អ៊ាន ឃុន បានបន្តថា ការិយាល័យប្រជាពលរដ្ឋខេត្ត មានតួនាទីភារកិច្ច និងសិទ្ធិអំណាចដូចជា៖ ទទួលបណ្តឹងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សម្រំាងវាយតម្លៃបណ្តឹងដែលទទួលបាន បញ្ជូនបណ្តឹងមិនស្ថិតក្នុងសមត្ថកិច្ចទៅស្ថាប័នពាក់ព័ន្ធ ចាត់វិធានការស៊ើបអង្កេត និងលើកអនុសាសន៍ អំពីវិធានការដោះស្រាយ និងតាមដានការអនុវត្ត វិធានការដោះស្រាយផ្តល់ព័ត៌មានត្រឡប់អំពីលទ្ធផលនៃការដោះស្រាយបណ្តឹង រៀបចំយន្តការចាំបាច់នានា ពាក់ព័ន្ធនឹងដំណើការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងដែលស្ថិតក្នុងដែន សមត្ថកិច្ចរបស់ខ្លួន រៀបចំផែនការសកម្មភាព ថវិកា និងរបាយការណ៍ផ្សេងៗ។ 

លើសពីនេះទៀត ការិយាល័យប្រជាពលរដ្ឋ មានសមត្ថកិច្ចស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ ទៅលើបណ្តឹងពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញ ដែលផ្ទុយនឹងគោលការណ៍ច្បាប់ ឬប៉ះពាល់ប្រយោជន៍បុគ្គល និងសហគមន៍ ការបំពេញការងារ និងអាកប្បកិរិយារបស់បុគ្គលិកក្រុមប្រឹក្សា បុគ្គលិកមន្ទីរ អង្គភាពជំនាញ និងភ្នាក់ងារទទួលសមត្ថកិច្ច ការគ្រប់គ្រង ការប្រើប្រាស់ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញ និងការផ្តល់សេវាធារណៈនានា។

កិច្ចប្រជុំរបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋនាពេលនេះ បានប្រព្រឹត្តទៅចប់សព្វគ្រប់តាមកម្មវិធី និងរបៀបវារៈ ដែលបានគ្រោងទុក ដោយទទួលបានលទ្ធផលល្អប្រសើរផងដែរ។ 

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមទទួលពាក្យបេក្ខជនប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងម៉ោងធ្វើការបញ្ចប់នៅម៉ោង១៧៖០០។ កន្លែងទទួលពាក្យនៅការិយាល័យលេខាក្រុមប្រឹក្សាខេត្ត នៃសាលាខេត្តសៀមរាប៕