(ត្បូងឃ្មុំ)៖ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកត្បូងឃ្មុំឲ្យដឹងថា ការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ មិនមែន ដូចការចាក់ឆ្នោតនោះទេ គឺយុវជនត្រូវស្វែងយល់ពីគណបក្សឲ្យបានច្បាស់ និងធ្វើខ្លួនជាឃោសនិករបស់បក្សឲ្យបានល្អប្រសើរ។
លោក ហ៊ុន ម៉ាណែត បានលើកឡើបែបនេះ ខណៈលោក ចូលរួមនៅក្នុងពិធីប្រកាសទទួលស្គាល់ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។
លោក ហ៊ុន ម៉ាណែត បានអរគុណដល់សកម្មជនយុវជន ដែលបានចូលរួមសកម្មភាពបក្ស និងសកម្មភាពសង្គម ប្រកបដោយទឹកចិត្តឆន្ទៈខ្ពស់ និងការលះបង់ថវិកា ពេលវេលាដើម្បីជួយដល់បក្ស និងប្រជាជនកម្ពុជា។ លោកបន្តថា យុវជនជំនាន់មុនបានលះបង់សាច់ស្រស់ ឈាមស្រស់ រំដោះប្រជាជន កសាងប្រទេសជាតិ រហូតមកដល់សព្វថ្ងៃ និងបានបន្សល់ទុកស្នាដៃជាច្រើនសម្រាប់យើងទាំងអស់គ្នា និងបានបង្កើតឱកាស និងក្តីសង្ឃឹម សម្រាប់យុវជនជំនាន់ក្រោយ ហើយយើងជាយុវជនត្រូវរៀនសូត្រ ពីគំរូវីរភាពពីយុវជនជំនាន់មុន ដើម្បីក្លាយជាឆ្អឹងខ្នងរបស់បក្ស។
ជាមួយនេះដែរ យុវជនត្រូវរក្សាសមិទ្ធផលទាំងឡាយ ជាពិសេសសុខសន្តិភាពសេរីភាព ស្ថេរភាព កសាងសមិទ្ធផលបន្ថែម សម្រាប់យុវជនជំនាន់ក្រោយៗទៀត។ បើមិនមានសុខសន្តិភាពស្ថេរភាពសង្គមទេ យើងក៏មិនអាចធ្វើអ្វីបានទេ។ ដូចច្នេះយុវជនត្រូវប្តេជ្ញាការពារសមិទ្ធផលទាំងអស់នេះ សម្រាប់កូនចៅជំនាន់ក្រោយ។
លោក ហ៊ុន ម៉ាណែត បន្ថែមឲ្យដឹងថា យុវជនគណបក្សត្រូវកសាងអភិវឌ្ឍខ្លួនបន្ថែម ដើម្បីជួយដល់គ្រួសារ និងចូលរួមអភិវឌ្ឍសង្គមជាតិ និងចូលរួមស្រលាញ់បក្ស ស្មោះត្រង់ជាមួយបក្ស ការពារ និងជួយបក្ស ប្រកបដោយសីលធម៌ គុណធម៌ និងអំពើល្អ ។
លោកបន្តថា កន្លងមកថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីប្រជាជន និងបានចុះជាប់ជាមួយប្រជាជន ដែលនេះហើយ គឺជាថ្នាក់ដឹកនាំដែលមានការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន៕