(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម។ ជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព។

ថ្លែងក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង បានបញ្ជាក់ថា ទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ពិសេសក្នុងនាមក្រសួងនគរបាលវៀតណាម ជាមួយរាជរដ្ឋាភិបាលកម្ពុជាតែម្ដង។

មួយវិញទៀត ទស្សនកិច្ចនេះក៏ដើម្បីជាការចូលរួមអបអរសាទរ ចំពោះលោកសន្ដិបណ្ឌិត នេត សាវឿន ក្នុងនីតិកាលថ្មីនេះ ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ដ្រី។

លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង បានស្នើសុំឧបនាយករដ្ឋមន្ដ្រី សន្ដិបណ្ឌិត នេត សាវឿន ដែលទទួលបន្ទុកការងារសន្ដិសុខជាតិនោះ សូមបន្ដជួយសហការបន្ថែមទៀត ជាមួយភាគីវៀតណាម ដូចអ្វីដែលធ្លាប់សហការកន្លងមកនៅពេល ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន នៅជាអគ្គស្នងការនគរបាលជាតិ។

លោកគូសបញ្ជាក់ថា កន្លងមកក្រសួងនគរបាលវៀតណាម បានសហការគ្នាយ៉ាងល្អជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដូច្នេះសង្ឃឹមថា នៅពេល លោកសន្ដិបណ្ឌិត នេត សាវឿន ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ដ្រីហើយនោះ គឺនៅបន្ដពង្រឹងសហការប្រតិបត្តិការនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងអំណរគុណចំពោះសមានចិត្តនៃការចូលរួមអបអរសាទររបស់ លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង និងផ្ដាំផ្ញើការថ្លែងអំណរគុណនេះជូន លោក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ដែលកន្លងទៅបានផ្ញើលិខិតអបអរសាទរនេះជូនលោក នៅពេលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងបន្ដខ្លាំងជាមុនបន្ថែមទៀត នៅក្នុងមុខតំណែងថ្មីរបស់លោក កាន់តែមានវិសាលភាពក្នុងការអនុវត្តតួនាទីភារកិច្ចកាន់តែធំជាងមុន។

ចុងបញ្ចប់ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានជូនពរសូមឲ្យដំណើរទស្សនកិច្ចរបស់ លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ប៉ុន្មានថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាទទួលជោគជ័យប្រកបដោយផ្លែផ្កាជាទីបំផុត៕