(ភ្នំពេញ)៖ មជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជានៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងមានការអញ្ជើញជាកិត្ដិយសដោយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកស្រី យូ យានហុង នាយករដ្ឋបាលជាតិវេជ្ជសាស្ត្រឱសថបុរាណចិន និងប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូបទៀត។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានសម្តែងនូវការដឹងគុណ ដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តួចផ្តើមឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជានេះឡើង ជូនមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បន្ទាប់ពីកសាងរយៈពេល១៩ខែ។

លោកសាស្ដ្រាចារ្យបន្ដថា​ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នាខែមិថុនា ឆ្នាំ២០០៩ ដែលពេលនោះមានគ្រែសរុបចំនួន ២៥០បម្រើសេវាកម្មដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ ដោយទទួលបានទំនុកចិត្តពីប្រជាជន ក្នុងការផ្តល់សេវា ហើយសកម្ម ភាពពិនិត្យពិគ្រោះ និងព្យាបាលជំងឺមានការកើនឡើងជាលំដាប់ ទើបនៅឆ្នាំ២០២៣នេះ មន្ទីរពេទ្យ បានតម្លើងគ្រែរហូត ដល់ចំនួន៦៥០គ្រែ។

បច្ចុប្បន្នមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានបុគ្គលិកសរុប១១៨០ នាក់ ស្រី៤៦១នាក់ ក្នុងនោះមន្ត្រីរាជការ ចំនួន៧៦៩នាក់ ស្រី៣០២នាក់ មន្រ្តីជាប់កិច្ចសន្យា ចំនួន៤៣នាក់ ស្រី១៧នាក់ បុគ្គលិកអណ្តែត ២២០នាក់ ស្រី១០៤នាក់ និងកម្មករចំនួន ១៤៨នាក់ ស្រី៣៨នាក់។

លោករដ្ឋមន្រ្ដី ឈាង រ៉ា បានបន្ថែមថា «ដើម្បីឆ្លើយតបទៅនឹងកំណើន និងតម្រូវការចាំបាច់ផ្នែកថែទាំសុខភាពប្រជាពលរដ្ឋដែលចូល មកពិនិត្យ និងព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ ក្រសួងសុខាភិបាលបានលើកទឹកចិត្តបង្កើតឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជានេះឡើង ដែលសមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន កើតចេញពីចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ»

ការសម្រេចបាននូវការអភិវឌ្ឍសេវាសុខភាពកាន់តែប្រសើរឡើងនៅក្របខណ្ឌទូទាំងប្រទេសនាពេលបច្ចុប្បន្ន គឺកើតឡើងដោយសារសុខសន្តិភាព និងស្ថេរភាព ដែលជាកត្តាសារវន្តមិនអាចខ្វះបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យស្ថិតស្ថេរជាអមតៈ។

ឆ្លៀតក្នុងឱកាសដ៏មហោឡារឹកនេះ លោកសាស្ដ្រាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានកសាងសមិទ្ធផលដ៏ថ្លៃថ្លានេះ និងសូមថ្លែងអំណរគុណ ជូនចំពោះនាយករដ្ឋបាលជាតិវេជ្ជសាស្ត្រឱសថបុរាណចិន និងលោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងប្រតិភូទាំងអស់ ដែលបានខិតខំលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងនូវការងារនេះ។

លោកស្រី យូ យានហុង បានគូសបញ្ជាក់ផងដែរថា ឆ្នាំ២០២៣នេះ ជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន ប្រទេសចិន និងកម្ពុជា បានរួមគ្នាប្រារព្ធ និងអបអរសាទរយ៉ាងឱឡារិក។ ក្នុងបរិបទនេះ ការដាក់ឱ្យដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជា បានប្រកបអត្ថន័យកាន់តែពិសេសវិសាល បន្ទាប់ពីការចេញផ្សាយសេចក្ដីថ្លែងការណ៍រួមរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនាខែមុន។

លោកស្រីបន្ថែមថា «ក្នុងនាមរដ្ឋបាលជាតិនៃឱសថបុរាណចិន ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះអ្នកទទួលកសាងមជ្ឈមណ្ឌលនេះទាំងភាគីចិន និងកម្ពុជា។ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសហការីទាំងអស់ដែលបានចូលរួមចំណែក និងជួយជ្រោមជ្រែងកិច្ចសហប្រតិបត្តិការ ផ្នែកឱសថបុរាណរវាងប្រទេសចិន និងប្រទេសកម្ពុជា និងសូមគោរពសម្ដែងការរាប់អាន ដោយស្មោះអស់ពីចិត្តចំពោះភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធីនេះ។

ក្នុងបរិបទនេះការកសាងមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជា មិនត្រឹមតែជួយស្វែងយល់ពីកិច្ចការសំខាន់ នៃការកសាងគំរូ និងផ្លូវថ្មីសម្រាប់មជ្ឈមណ្ឌលឱសថបុរាណចិននៅក្រៅប្រទេសប៉ុណ្ណោះទេ ហើយថែមទាំងជម្រុញឱ្យចំណងមិត្តភាពចិន-កម្ពុជាកាន់តែស៊ីជម្រៅ និងរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

លោកស្រីបន្ដថា ឱសថបុរាណចិន គឺជាវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដែលត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ក្នុង ហើយត្រូវបានបន្តអភិវឌ្ឍដោយប្រជាជន នៃគ្រប់ក្រុមជនជាតិនៅក្នុងប្រទេសចិនអំឡុងពេលជីវិតរស់នៅ ផលិតកម្ម និងការតស៊ូប្រឆាំងនឹងជំងឺយូរលង់មក។ រដ្ឋាភិបាលប្រទេសចិន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍ ឱសថបុរាណចិននេះ។

ក្នុងប៉ុន្មានឆ្នាំនេះ ឱសថបុរាណចិន បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធវេជ្ជសាស្ដ្រអន្ដរជាតិ ។ឱសថបុរាណចិន បានផ្សព្វផ្សាយ និងត្រូវបានប្រើប្រាស់ដល់ ១៩៦ប្រទេស និងតំបន់ក្នុងពិភពលោក ហើយមានសមិទ្ធផលគួរឱ្យកត់សម្គាល់៕