(ហ្សាការតា​)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Yohannes Abraham ឯកអគ្គរដ្ឋទូសហរដ្ឋអាមេរិកប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈដោយស្មោះត្រង់ រកវិធីដើម្បីធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-សហរដ្ឋអាមេរិក កាន់តែមានអត្ថន័យ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី ១១ ត្រូវបានបញ្ចប់ទៅដោយជោគជ័យកាលពីខែមុន នៅទីក្រុងហ្សាការតា។

នៅថ្ងៃដដែលលោកបណ្ឌិតបានបន្តជួបអញ្ជើញជួបសំណេះសំណាលជាមួយលោកស្រី Natércia Cipriana Coelho da Silva ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិតនៅអគ្គលេខាធិការអាស៊ាន។

បន្ទាប់មក ភាគីទាំងពីរបានពិភាក្សាអំពីឋានៈជាអ្នកសង្កេតការណ៍របស់ទីម័រខាងកើត ផែនទីចង្អុលផ្លូវឆ្ពោះទៅរកសមាជិកភាពពេញសិទ្ធិនៅក្នុងអាស៊ាន ក៏ដូចជា ជំនួយកសាងសមត្ថភាពដល់ប្រទេសទីម័រខាងកើត នៅក្នុងសសរស្តម្ភអាស៊ានទាំង៣។

សូមជម្រាបជូនថា លោកស្រី Natércia Cipriana Coelho da Silva គឺជាឯកអគ្គរដ្ឋទូតទីម័រខាងកើតដំបូងគេ ប្រចាំអាស៊ាន៕