(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះនាល្ងាចថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញនៅលើ Facebook ថា៖ បេះដូង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺនៅជាមួយប្រជាពលរដ្ឋ និងក្មួយៗ ចៅៗគ្រប់ទីកន្លែង ! សម្តេចតេជោ មិនសន្យាទេ តែសម្តេចធ្វើជូនក្មួយៗ ចៅៗតែម្តង! ព្រោះសម្តេចបានឆ្លងកាត់ការលំបាកវេទនាខ្លួនឯងគ្រប់គ្រាន់ហើយកាលពីកុមារភាព។
សម្តេចតេជោ ហ៊ុន សែន សរសេររៀបរាប់យ៉ាងដូច្នេះថា «បេះដូង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺនៅជាមួយប្រជាពលរដ្ឋ និងក្មួយៗ ចៅៗគ្រប់ទីកន្លែង! ថ្មីៗនេះទោះបីធ្វើដំណើរផ្លូវឆ្ងាយ និងហត់នឿយបន្តិចក្តីតែ សម្តេចសប្បាយរីករាយ និងពេញចិត្តជួបជាមួយក្មួយៗនៅ វិទ្យាល័យក្រុងកំពង់ឆ្នាំង ដែលស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ នៅទីនោះសម្តេចតេជោ និងសប្បុរសជន បានផ្តល់អំណោយអាគារសិក្សា១ខ្នង ២ជាន់ ស្មើ១២ បន្ទប់បន្ថែមទៀតដល់វិទ្យាល័យនេះ រួមទាំងទីចាត់ការ ១ខ្នង ៣បន្ទប់ របងជុំវិញសាលាស្រះទឹក១ ព្រមទាំងជួសជុសអាគារចាស់ៗ ឲ្យស្អាតឡើងវិញដើម្បីកូនក្មួយ បានសិក្សាកាន់តែងាយស្រួល»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនសន្យាទេ តែសម្តេចធ្វើជូនក្មួយៗចៅៗតែម្តង ! ព្រោះសម្តេចបានឆ្លងកាត់ការលំបាកវេទនា ខ្លួនឯងគ្រប់គ្រាន់ហើយកាលពីកុមារភាព។ ចំពោះក្មួយៗ និងចៅៗគឺមិនអោយអត់សាលារៀនទេ!។
ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការ អន្តរាគមន៍យករថយន្តសង្រ្គោះបន្ទាន់ ប្រគល់ជូនក្រុមការងារមនុស្សធម៌វិទ្យុ ABC វិញ និងបានផ្តល់អំណោយរថយន្ត ២គ្រឿងបន្ថែម។
សម្តេចនាយករដ្ឋមន្រ្តី បានរៀបរាប់នៅលើ Facebook ទៀតថា «សម្តេចតេជោ មិនដែលរត់ចោល ឬបោះបង់ប្រជាពលរដ្ឋជាទីគោរពស្រឡាញ់ឡើយ។ ដំណោះស្រាយសម្តេចតេជោ ដែលបានអន្តរាគមន៍យករថយន្តសង្រ្គោះបន្ទាន់ ប្រគល់ជូនក្រុមការងារមនុស្សធម៍វិទ្យុ ABC វិញ និងបានផ្តល់អំណោយរថយន្ត ២គ្រឿងបន្ថែម ជូនដល់សកម្មភាពមនុស្សធម៌របស់ ABC គឺបានបង្ហាញអោយឃើញច្បាស់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅជិតជាមួយបងប្អូន ប្រជាពលរដ្ឋជានិច្ច។ សូមអរគុណជនរួមជាតិចំពោះទឹកចិត្តសប្បុរសធម៌ និងការចែករំលែកជួយគ្នាទៅវិញទៅមក ជាពិសេសក្នុងស្ថានភាពលំបាក និងចាំបាច់បំផុត។ សូមឲ្យវប្បធម៌នៃការចែករំលែករាយសាយភាយ កាន់តែទូលំទូលាយនៅក្នុងសង្គមកម្ពុជា»៕