(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកជូនវត្ថុកំដរដៃ សម្រាប់ចូលរួមបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដល់មន្ត្រីរាជការដែលបម្រើការងារនៅសាលាខេត្តពោធិ៍សាត់ រាប់ទាំងមន្ត្រីក្របខណ្ឌ័ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកហាត់ការ កម្លាំងការពារសន្តិសុខ និងមន្ត្រីចូលនិវត្តន៍ សរុបចំនួន១៩៧នាក់។
លោក ខូយ រីដា អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងយន្តការដឹកនាំគ្រប់គ្រងរដ្ឋបាលខេត្ត បានជិត១ឆ្នាំ នេះជាលើកទី២ហើយ ដែលលោកបានមកជាមួយមន្ត្រីរាជការដែលបម្រើការងារនៅសាលាខេត្ត ក្នុងគោលបំណងសម្ដែងនូវវប្បធម៌ចែករំលែក និងភាពរាក់ទាក់ ស្និទ្ធស្នាល គោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមកដូចគ្រួសារតែមួយ ជាពិសេសក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រពៃណីខ្មែរយើងដ៏ល្អផូរផង់។
ជាការពិតណាស់ថា កន្លងមកនេះមន្ត្រីរាជការ ទាំងក្របខណ្ឌ័ ទាំងកិច្ចសន្យា បុគ្គលិកហាត់ការ កម្លាំងការពារសន្តិសុខ និងមន្ត្រីចូលនិវត្តន៍ បាននិងធ្លាប់បានខិតខំប្រឹងប្រែងបម្រើការងារ ទៅតាមតួនាទី ភារកិច្ច និងធ្វើជាសេនាធិការឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដែលជាក្បាលម៉ាស៊ីនដឹកនាំ គ្រប់គ្រង នូវរាល់កិច្ចការទាំងអស់ នៅក្នុងរដ្ឋបាលខេត្ត រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
លោកបានលើកឡើងថា ក្នុងនាមយើងជាមន្ត្រីរាជការ ត្រូវតែមានចិត្តទូលំទូលាយ មឺងម៉ាត់ ស្មោះត្រង់ ស្អាតស្អំ មិនរើសអើង មានសាមគ្គីភាពផ្ទៃក្នុង និងមានទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ឱ្យមានភាពរលូន លើការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ អ្វីដែលយើងគប្បីខិតខំយកចិត្តទុកដាក់ពីពេលនេះ និងទៅថ្ងៃខាងមុខនោះ គឺផ្តោតសំខាន់ក្នុងការជម្រុញការបណ្តុះបណ្តាល អភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ពង្រឹងការគ្រប់គ្រងឯកសារ លិខិតស្នាម គោរពច្បាប់វិន័យ លះបង់ភាពអសកម្ម ដើម្បីក្លាយជាកម្លាំងចលករ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តរបស់យេីង ឲ្យមានការរីកចម្រេីន។
លោក ខូយ រីដា ក៏បានលើកឡើងទៀតថា ការជួបជុំគ្នានេះ គឺស្របពេលរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីខ្មែរយើង ដូច្នេះដើម្បីចូលរួមចំណែក និងជាទឹកចិត្តរបស់លោក មានចំពោះក្រុមគ្រួសារមន្ត្រីរាជការសាលាខេត្ត លោកក៏បានចូលរួមជួយឧបត្ថម្ភ ក្នុងម្នាក់ៗទទួលបាន មី១កេស និងថវិកា៤០ម៉ឺនរៀល។ ដោយឡែកមន្ត្រីចូលនិវត្តន៍ ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស និងថវិកា២០ម៉ឺនរៀល។
ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរទៅវត្ត ឬមានដំណេីរកំសាន្ត ក្នុងពេលបុណ្យភ្ជុំបិណ្ឌ សូមជៀសឲ្យផុតពីគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ៕