(កណ្តាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា មន្ត្រីហាត់ការ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រមាណជាង ៤០០នាក់។

ថ្នាក់ដឹកនាំទាំងពីរ បានថ្លែងការកោតសរសើរចំពោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញអស់សមត្ថភាព ជំនាញនីមួយៗ ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក៏ដោយ ក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់នោះទទួលបានលទ្ធផលល្អប្រសើរថែមទៀត ស្របទៅតាមគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់នៅក្នុងសាលាខេត្ត សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យា ទាន់សម័យនាពេលបច្ចុប្បន្ន ក្នុងនោះផងដែរ។

លោកក៏ស្នើសុំឱ្យមន្ត្រីទាំងអស់ត្រូវខិតខំព្យាយាមរៀនសូត្រពីរៀមច្បងដែលមានពិសោធន៍ការងារមុនៗ ហើយក៏សំណូមពរដល់ថ្នាក់ដឹកនាំនៅតាមទីចាត់ការ-អង្គភាពនីមួយៗ សូមផ្ដល់ និងចែករំលែកចំណេះដឹង បទពិសោធន៍ការងារល្អៗ ពោលគឺអ្នកចេះបង្រៀនអ្នកមិនចេះហើយអ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់ចំណេះដឹងពីអ្នកចេះ។

ក្នុងពិធីនេះដែរលោកនូ សាខន និងលោក គង់ សោភ័ណ្ឌ ក៏បានណែនាំដល់ មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តទិសដៅការងារសំខាន់ៗ នៅចំពោះមុខជាបន្តបន្ទាប់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជា ផែនការទិសដៅការងារដែលបានដាក់ចេញដោយរដ្ឋបាលខេត្តឱ្យបានល្អប្រសើរផងដែរ៕