(បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា ព្រមទាំងបុត្រាបុ្រតី អញ្ជើញកាន់បិណ្ឌវេនទី១៣ នៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លូង ស្ថិតនៅភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។

លោក ព្រួញ រិទ្ធថា ក្នុងនាមលោកអភិសន្តិបណ្ឌិត ស សុខា បានទូលថ្វាយព្រះសង្ឃ និងពុទ្ធបរិស័ទ្ធថា ក្នុងពិធីថាបុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ដោយក្តីសប្បាយរីករាយជ្រះថ្លាក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣នេះ ដែលជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់តាំងពីបុរាណដែលមានរយៈពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាម ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី០១រោច ខែភទ្របទ រហូតដល់ថ្ងៃទី ១៤រោច និងថ្ងៃ១៥រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។

លោក ព្រួញ រិទ្ធថា បានបញ្ជាក់ថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទដែលបានប្រគេនជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយនឹងសូមឧទ្ទិសកុសលផលបុណ្យដែលកើតមកពីបុណ្យកាន់បិណ្ឌទី១៣នេះ សូមឱ្យទទួលបានមគ្គផលស្មើរៗគ្នា។

ក្នុងឱកាសនោះដែរ លោកបានាំទេយ្យវត្ថុ សម្ភារបរិក្ខា និងបច្ច័យមួយចំនួនប្រគេនជូនព្រះសង្ឃក្នុងវត្តមួយចំនួនក្នុងពិធីកាន់បិណ្ឌនេះផងដែរ៕