(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានរៀបចំប្រារព្ធ​ពិធី​​គោរពព្រះ​​វិញ្ញាណ​ក្ខ​ន្ធថ្វាយ ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ គម្រប់​ខួប១១ឆ្នាំ។

ពិធីនេះបានធ្វើឡើងក្រោក្រោមវត្តមានលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត​ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ​​និង​មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់​​​ថ្នាក់ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ​ព្រះសង្ឃ​ តាជី យាយ​ជី សិស្សានុសិស្ស​ ​យ៉ាងច្រើនកុះករ​ ​នៅមុខសាលាប្រជុំសាលាខេត្ត​កំពង់ស្ពឺ។

​ការប្រារព្ធពិធីនេះបានធ្វើឡើងដោយមានការនិមន្តព្រះសង្ឃសូត្រមន្តបង្សុកូលតាមបែប​ព្រះពុទ្ធសាសនា​ជាតិខ្មែរ​ ដើម្បី​ឧទ្ទិស​ព្រះរាជ​កុសល​ថ្វាយ​ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

ក្នុងឱកាសនោះលោក វ៉ី សំណាង បានថ្លែងថា ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស និស្សិត ប្រជាពលរដ្ឋជាកូន ចៅ ចៅទួតទាំងអស់ក្នុងខេត្តសូមចូលរួមក្នុងភាពក្រៀមក្រំលំឱន​កាយវាចា ចិត្តគោរពព្រះវិញ្ញាណក្ខន្ធ ​ ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ​ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត និងចងចាំជានិច្ចនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ដែលបានធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យហើយមានឈ្មោះល្បីល្បាញក្នុងឆាកអន្តរជាតិរហូតដល់​សព្វថ្ងៃនេះ។

​​លោកអភិបាលខេត្ត បានបន្តថា ថ្វីបើព្រះរូប ព្រះកាយរបស់ព្រះអង្គ យាងទៅកាន់បរលោក​ទៅហើយក្តីប៉ុន្តែព្រះរាជលំអានព្រះវីរគំរូដ៏ឆ្នើមក្នុងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់​អង្គសម្តេចឪជាអម្ចាស់ទ្រង់ស្ថិតនៅជានិច្ចកាលក្នុងមនសិការ និងឆន្ទៈរបស់ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ដែលជាកូនចៅ​ចៅទួតមិនអាចបំភ្លេចបានឡើយ​៕