(ភ្នំពេញ)៖ ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូល ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ នាទីស្តីការតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពី ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អនុប្រធាន ចៅក្រម អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា នៃតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល, ប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រះសីហនុ ត្បូងឃុំ និងបាត់ដំបង, ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស, ប្រធានគណៈមេធាវីកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម ជីវ កេង ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានការតែងតាំង ជាប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា តមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៣៩ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣៕