(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានណែនាំជំរុញដល់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបបន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ដើម្បីសម្រេចសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល និងប្រទេសជាតិ។

ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់អាជ្ញាធរទន្លេសាប នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងធនធានទឹកនិងឧតុនិយម ដោយមានការចូលរួមពីអនុប្រធានអាជ្ញាធរទន្លេសាប អគ្គលេខាធិការ អគ្គលេខាធិការរង ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបទាំងអស់។

លោក សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានឱ្យដឹងថា អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបមាននាយកដ្ឋានចំនួន៤៖ ទី១-នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ ទី២-នាយកដ្ឋានធនធានធម្មជាតិ ទី៣-នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ទី៤-នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ជាសេនាធិការសម្រាប់ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាបប្រកបដោយចីរភាព។

នាឱកាសនោះ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានលើកឡើងអំពីបេសកកម្មស្នូលរបស់អាជ្ញាធរទន្លេសាប ដែលជាអង្គភាពថ្នាក់ជាតិមានភារកិច្ចសិក្សាស្រាវជ្រាវ និងសម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវផលប្រយោជន៍ប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបបន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ដើម្បីនាំមកនូវជោគជ័យនិងសមិទ្ធផលថ្មីៗបន្ថែមទៀតជូនស្ថាប័ន ក៏ដូចជារាជរដ្ឋាភិបាល និងប្រទេសជាតិ។

លោករដ្ឋមន្រ្តីក៏បានស្នើឱ្យពិនិត្យឡើងវិញនូវការបំពេញតួនាទី ភារកិច្ចនាពេលកន្លងមក និងឆ្លុះបញ្ចាំងនូវចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជាបញ្ហាប្រឈមចំពោះមុខ ដើម្បីរួមគ្នាគិតរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាឱ្យការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣បានជោគជ័យ។

គួរបញ្ជាក់ថា អាជ្ញាធរទន្លេសាបដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៩មោះ គឺជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានបេសកកម្មការងារក្នុងការសម្របសម្រួលដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប។ ជាមួយដំណើការអនុវត្តការងារ អាជ្ញាធរទន្លេសាបក៏មានសមាសភាពជាក់ស្តែងមកពីបណ្តាក្រសួង ស្ថាប័នចំនួន២៣ និងខេត្តជាប់បឹងទន្លេសាបចំនួន៨ផងដែរ៕