(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន លោក វង សូត អនុប្រធានទី២នៃរដ្ឋសភា និងលោកស្រី ហេង ពៅ ព្រមទាំងបុត្រ និងចៅ រួមនឹងសមាជិក សមាជិកា ទីប្រឹក្សា ជំនួយកានៃរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រារព្ធពិធីបង្សុកូលនៅមុខចេតិយអ្នកមានគុណ ស្ថិតនៅក្នុងបរិវេណវត្តគិរីសុវណ្ណរាម ដើម្បីជាកិច្ចឧទ្ទិសកុសលដល់បុព្វការីជន មាតាបិតា ជីដូន ជីតា និងញាតិការ៧សណ្តានក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ។

បន្ទាប់មក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានដឹកនាំថ្នាក់ដឹកនាំចូលរួមរាប់បាត ប្រគេនភត្តហារ បវរណាចតុបច្ឆ័យប្រគេនព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យមកទទួលនូវផល្លាអានិសង្ឃដ៏ជ្រះថ្លានេះ សូមជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធបុព្វការីជន ញាតិការទាំង៧សណ្តានទំាងអស់ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា វត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ជាវត្តមានវ័យចំណាស់មួយក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ធ្លាប់បានបួសរៀនកាលពីកុមារភាព។ បច្ចុប្បន្នទីអារាមវត្តទាំងមូលមានការរីកចម្រើន យ៉ាងខ្លាំងអាស្រ័យដោយទទួលបានការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងក្រុមការងារទំាងអស់។ វត្តនេះមានសមិទ្ធផលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការខាងវិស័យព្រះពុទ្ធសាសនា។

ព្រះសង្ឃ រួមជាមួយគណៈកម្មការវត្តគីរីសុវណ្ណារាម ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ដែលសម្តេចទាំងទ្វេបានជួយកសាងសមិទ្ធផលជាច្រើនបម្រើឱ្យវិស័យពុទ្ធចក្រ ហើយសម្តេចតែងតែអញ្ជើញមកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្យ នៅវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវនេះ ជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ៕