(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ការណ៍ដែលប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទាន ពិធីបុណ្យនានាអាចប្រព្រឹត្តទៅបានគ្រប់ទីកន្លែងនោះ ដោយសាតែប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែរ។

ការលើកបែបនេះក្នុងឱកាសដែលលោកអភិបាលខេត្ត និងភរិយា ប្រធានក្រុមប្រឹក្សាខេត្ត មន្រ្តីសាលាខេត្ត ក្រុមការងារ នាំយកទេយ្យទាន បច្ច័យវេប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តទួលមនោរម្យ ស្ថិតនៅសង្កាត់ក្រគរ ក្រុងក្រចេះ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់បានបូជាទៀនធូប និងរាប់បាត្របង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខណ្ឌ ចំពោះមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានលះបង់ពលីជីវិតក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិកម្ពុជា ជាបិសេសជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ សូមមកទទួលយកមគ្គផលដែលបានឧទ្ទិសជូន តាមរយៈព្រះសង្ឃ សូមឲ្យជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទៅកាន់ទីសោយសុខក្នុងឋានសុគតិភពកុំបីខានឡើយ។

លោកអភិបាលខេត្តក៏បានក្រើនរំលឹកដល់ពលរដ្ឋរស់នៅប្រចាំថ្ងៃត្រូវប្រកបដោយការការពារ អនាម័យ និងប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្ទុះឆ្លងនូវជំងឺផ្តាសាយបក្សី សូមតាមដានព័ត៌មានឲ្យបានជាប់ជាប្រចាំ និងត្រូវមានវិធានការការពារជាប្រចាំ។

ក្នុងពិធីកាន់បិណ្ឌវេនទី១៣នេះ រដ្ឋបាលខេត្តក្រចេះបានប្រគេនបច្ច័យកសាងចំនួន៣លានរៀល លោកអភិបាលខេត្ត និងភរិយាប្រគេនបច្ច័យផ្ទាល់ខ្លួនសម្រាប់កសាងចំនួន៥លានរៀល និងអង្ករចំនួន២០០គីឡូក្រាម មីចំនួន៦កេស ទឹកស៉ីអ៉ីវ៦យួរ ទឹកត្រី៦យួរ ភេសជ្ជៈទឹកក្រូច កូកាកូឡា៦កេស ទឹកបរិសុទ្ធចំនួន១០កេស និងក្រណាត់សចំនួន១០០ដុំ លោកគ្រូព្រះចៅអធិការចំនួន៥០ម៉ឺនរៀល និងព្រះសង្ឃចំនួន៣៦អង្គក្នុង១អង្គបច្ច័យ៣០០០០រៀលផងដែរ៕