(ក្រចេះ)៖ សាកលវិទ្យាល័យក្រចេះ នៅថ្ងៃទី១១ និងទី១២ ខែតុលា ឆ្នាំ២០២៣ បានចុះកិច្ចព្រមព្រៀងជាមួយសាលាកសិកម្មប៊ូឡាកាន់ ប្រទេសហ្វីលីពីន ក្នុងគោលបំណងផ្លាស់ប្តូរការសិក្សារបស់និស្សិតនិងគ្រូបង្រៀននៃគ្រឹះនៃការអប់រំនិងបណ្ដុះបណ្ដាល ដែលទាក់ទងនឹងការបណ្តុះបណ្តាល និងបច្ចេកទេសផ្សេងៗទៀត។

លោកបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាលាកសិកម្មប៊ូឡាកាន់បានផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីនៃសាកលវិទ្យាល័យក្រចេះសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផងដែរ។

លោកថា កន្លងមក សាកលវិទ្យាល័យក្រចេះក៏បានអញ្ជើញសាស្ត្រាចារ្យនៃសាលាប៊ូឡាកាន់ មកបង្រៀននិស្សិតសាកលវិទ្យាល័យក្រចេះផងដែរ។

«ទន្ទឹមនឹងនេះ សាកលវិទ្យាល័យក្រចេះក៏គ្រោងនឹងបញ្ជូននិស្សិត មន្ត្រី គ្រូបង្រៀនទៅបន្តការសិក្សានៅសាលាប៊ូឡាកាន់ជារៀងរាល់ឆ្នាំ ដើម្បីសិក្សាពីបច្ចេកទេសល្អៗ រួចយកមកបម្រើការនៅសាកលវិទ្យាល័យក្រចេះវិញ» លោកបណ្ឌិត ងី ឡាយមិថុនា បន្ថែមយ៉ាងដូច្នេះ។

តាមរយៈការចុះកិច្ចព្រមព្រៀងនេះ សាលាទាំង២មានការរំពឹងទុកថាទទួលបាននូវផលប្រយោជន៍ជាច្រើន ដូចការផ្លាស់ប្តូរការសិក្សារបស់និស្សិត ការបញ្ជូននិស្សិត មន្ត្រី និងគ្រូបង្រៀនរបស់សាកលវិទ្យាល័យក្រចេះទៅសិក្សាប្រទេសហ្វីលីពីន ការផ្លាស់ប្តូរបទពិសោធន៍នៃការបង្រៀនរបស់សាស្ត្រាចារ្យនៃគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ និងអនុវត្តនូវគម្រោងស្រាវជ្រាវរួនគ្នាជាដើម។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សាកលវិទ្យាល័យក្រចេះមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសចំនួន១០ និងក្រៅប្រទេសចំនួន៨ផងដែរ៕