(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣នេះបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តអម្ពិលារាម ​(វត្តអំពិលតាពក) និងវត្តព្រះធាតុបាស្រី (វត្តព្រះធាតុ)​ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ការរៀបចំពិធីសាសនាប្រពៃណីជាតិនេះឡើង គឺដេីម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងក្រុមគ្រួសារបរិស្ថាន​ ដែលបានលះបង់ពលីកម្លាំងកាយ កម្លាំងចិត្ត​ដើម្បីបុព្វហេតុ​ជាតិមាតុភូមិ និងបានចែកឋានទៅកាន់លោកខាងមុខ សូមបានទទួលនូវមនុញ្ញផលកុំបីឃ្លៀងឃ្លាតឡើយ។ កម្លាំងបុណ្យដែលកើតពីសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាននេះ សូមចែករំលែកជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យរួចចាកផុតពីឧបទ្រពចង្រៃទាំងពួងផងទាំងឡាយ ហើយទទួលបាននូវពុទ្ធពរ ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ​ ពលៈ​ និងប្រតិភាណ។

សូមរម្លឹកជូនថា ពិធីបុណ្យភ្ជុំបិណ្ឌប្រព្រឹត្តតាមទំនៀម២ គឺទី១​ ទំនៀមព្រះពុទ្ធសាសនា និងទំនៀមទី២ គឺតាមអ្នកស្រុក ជាទម្លាប់តរៀងមក ឱ្យតែដល់រនោចនៃខែភទ្របទ ដែលស្ថិតនៅក្រោមផ្ទៃមេឃពោរពេញទៅដោយពពក ទឹកពេញអាកាស បណ្តាលភាពស្រអាប់ ក្នុងរាត្រីគ្មានពន្លឺព្រះចន្ទ និងភ្លៀងរលឹមជាប្រចាំផង អ្នកស្រុកគេមានជំនឿថា ស្តេចមច្ចុរាជ បានដោះលែងសត្វនរកប្រេតឱ្យមករក ញាតិមិត្ត និងកូនចៅ ដើម្បីទទួលយកនូវកុសលផលបុណ្យ តែបើសត្វប្រេតនរកទាំងនោះរក៧វត្តហើយពុំឃើញ និងពុំមានសាច់ញាតិណាឧទ្ទិសផលបុណ្យទេ ពួកប្រេតទាំងនោះនឹងយំសោកសង្រេងជាក់ជាមិនខាន។

ប៉ុន្តែ បើយោងតាមព្រះពុទ្ធសាសនាវិញបានឱ្យដឹងដែរថា កាលនោះមានព្រះពុទ្ធមួយព្រះអង្គ ព្រះនាម ហោសស័ក្ត ជាក្សត្រដែលបានត្រាស់ដឹង ខណៈនោះព្រះអនុជទាំង ៣ព្រះអង្គ ក៏មានសទ្ធាជ្រះថ្លាចង់ធើ្វទានជាមួយម្ចាស់បង​ ក៏ប៉ុន្តែព្រះមហាក្សត្រជាព្រះបិតា ព្រះនាមមហិទរាជថា ធ្វើទានអស់ចិត្តយើងសិនចាំឯងធ្វើ។

លុះដល់ថ្ងៃក្រោយមកស្រុកកើតកលិយុគ តាមជាយដែនត្រូវបញ្ជូនព្រះអង្គទាំងបីរូបទៅបង្រ្គាបជនឈ្លានពាននៅជាយដែន តែដោយសារសទ្ធាជ្រះថ្លាបានជួយទ្រង់ទាំង៣ ប្រកបដោយជោគជ័យ និងសម្រេចគ្រប់ភារកិច្ច ត្រលប់មកវិញជួបព្រះមាតា បិតា ដោយសេចក្តីរីករាយត្រេកអរ ហើយចាប់តាំងពីពេលនោះមក ព្រះបិតាក៏អនុញ្ញាតឱ្យបុត្រទាំង៣ព្រះអង្គធ្វើទាន រក្សាសីលតទៅ៕