(វៀតណាម)៖ តបតាមការអញ្ជើញរបស់លោក ឡេ ម៉ិញហ័ន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) និងសន្និសីទនៃភាគីអាត់ម៊ែរ គណៈប្រតិភូដឹកនាំដោយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេស ចូលរួមកិច្ចប្រជុំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី ១១ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបាននឹងកំពុងរៀបចំចាប់ពីថ្ងៃ ទី១១ ដល់ ទី១៣ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាឡុង ប្រទេសវៀតណាម។

កិច្ចប្រជុំរួមមាន៖

ទី១៖ ការធ្វើសន្ទរកថាដោយប្រទេសជាសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ាន
ទី២៖ របាយការណ៍ ដោយប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន
ទី៣៖ របាយការណ៍ ដោយក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលអាហា
ទី៤៖ សេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីនៅទីក្រុងហាឡុង ស្តីពីការពង្រឹងសកម្មភាព រំពឹងទុកជាមុនរបស់អាស៊ាន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ
ទី៥៖ ច្បាប់ហិរញ្ញវត្ថុនៃមូលនិធិ ADMER
ទី៦៖ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពធន់ប្រកបដោយចីរភាព
និងទី៧៖ ការធ្វើបច្ចុប្បន្នភាពនៃជំនួយមនុស្សធម៌អាស៊ាន នៅប្រទេសមីយ៉ាន់ម៉ា និងកិច្ចប្រជុំជាមួយដៃគូរអាស៊ាន រួមមានដូចជា៖

*កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន លើកទី៣
* កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកជប៉ុន លើកទី៣
* កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកសាធារណៈរដ្ឋកូរ៉េ លើកទី២

ក្នុងឱកាសនេះផងដែរក៏មានរៀបចំកម្មវិធី ចុះអនុស្សារណៈនៃការយោគយល់គ្នា អំពីកិច្ចសហប្រតិបត្តិការលើការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយរវាងប្រទេសកម្ពុជា និងវៀតណាមផងដែរ៕