(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកូរ៉េ បានផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៥គ្រឿង ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។

ពិធីប្រគល់-ទទួលនេះ ត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាលក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមជាកិត្តិយសដោយលោក PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា លោកស្រី CHOI Moonjung នាយកប្រចាំប្រទេសនៃការិយាល័យកយកាកម្ពុជា និងភ្ញៀវកិត្តិយសផ្សេងទៀតរបស់ភាគីកម្ពុជា និងកូរ៉េ។

នៅក្នុងកម្មវិធីប្រគល់-ទទួលនេះ លោកឯកអគ្គរដ្ឋទូត PARK Jung-Wook បានសង្ឃឹមថារថយន្តសង្គ្រោះបន្ទាន់ទាំងនេះ នឹងរួមចំណែកដល់ការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងការឆ្លើយតបទាន់ពេលចំពោះករណីសង្គ្រោះបន្ទាន់នានាទូទាំងប្រទេស។

លោកឯកអគ្គរដ្ឋទូតបានបន្ថែមទៀតថា «វិស័យសុខាភិបាល គឺជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ផ្លូវការទ្វេភាគីរបស់យើង។ សាធារណរដ្ឋកូរ៉េ បាននឹងកំពុងជួយដល់មន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេសកម្ពុជា ដូចជាអគារពេទ្យភ្នែក អគារត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង អគារថែទាំ សុខភាពមាតា និងទារក ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្ត និងសមត្ថភាពបុគ្គលិកសុខាភិបាល។ ទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការធានា ឱកាសទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាពសម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា»

លោកសាស្រ្តាចារ្យ រដ្ឋមន្ត្រីឈាង រ៉ា បានថ្លែងថា ថ្ងែនេះលោកមានសេចក្តីសោមនស្សរីករាយដែលបានមកចូលរួមក្នុងពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១៥គ្រឿង ក្រោមជំនួយឥតសំណងពីប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដើមី្បចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា។

តាងនាមឱ្យក្រសួងសុខាភិបាល ក៏ដូចជារូបលោកសាស្ត្រាចារ្យផ្ទាល់ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ  សាធារណៈរដ្ឋកូរ៉េ សម្រាប់កិច្ចសហការ និងការគាំទ្រក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។

លោកសាស្ត្រាចារ្យបានថ្លែងបន្តថា «ខ្ញុំសូមឯកភាពទាំងស្រុងនូវប្រសាសន៍របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរបស់យើងឡើងវិញក្នុងរយៈពេល ២៦ឆ្នាំនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរបាន និងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ សាធារណរដ្ឋកូរ៉េ គឺជាដៃគូសហប្រតិបត្តិការយ៉ាងសំខាន់មួយក្នុងចំណោមដៃគូសំខាន់ៗ ដែលបាននិងកំពុងជួយគាំទ្រវិស័យសុខាភិបាលកម្ពុជា ជាពិសេសតាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងរយៈពេល២០ឆ្នាំ វត្តមាន KOICA កម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា។ គោលដៅចុងក្រោយរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជា និងកាត់បន្ថយអត្រាឈឺ និងអត្រាមរណភាពដោយសារជំងឺ ដែលបណ្តាលមកពីគ្រោះអាសន្នហើយ ខ្ញុំគិតថា នេះក៏ ជាគោលដៅ របស់ ក្រសួងសុខាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែរ»

លោកសាស្ត្រាចារ្យបន្តថា យើងមិនអាចបំភ្លេចបាននូវគុណបំណាច់ និងការរួមចំណែកដ៏ធំធេងរបស់សាធារណរដ្ឋកូរ៉េ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការរាតត្បាតនៃជំងឺកូវីដ-១៩ នាំឱ្យទទួលបានសមិទ្ធិផលដ៏ធំធេង ។

*ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់អំណោយជា ឧបករណ៍មន្ទីរពិសោធន៍ ឧបករណ៍ផ្ទុកសម្ពាធអវិជ្ជមាន ម៉ាស ទឹកអាកុលលាងដៃ ឧបត្ថម្ភដោយផ្ទាល់ជូនក្រសួងសុខាភិបាល ដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

*អំណោយរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង លើកទី១ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុង ឆ្នាំ២០២២។

*ថ្ងៃនេះ អំណោយរថយន្តគិលានសង្គ្រោះចំនួន ១៥ គ្រឿង ជាលើកទី២ របស់រដ្ឋាភិបាលនៃ សាធារណរដ្ឋកូរ៉េ ដែល នឹងចែកជូនដល់មន្ទីរសុខាភិបាលខេត្តនាពេលបន្តិចទៀតនេះ។

ក្នុងនាមក្រសួងសុខាភិបាល លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ KOICA និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល។ រដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA ផ្តល់នូវអំណោយ អគារមន្ទីរពេទ្យដ៏ប្រណិតមួយនៅមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មណ្ឌលសុខភាពមួយចំនួននៅថ្នាក់ក្រោមជាតិ ដូចជានៅខេត្តសៀមរាប រតនគិរី និងមណ្ឌលគិរី ជាដើម ដោយបំពាក់ជូននូវឧបករណ៍វេជ្ជសាស្រ្តទំនើប បច្ចេកវិទ្យាខ្ពស់ទាន់សម័យ។

លើសពីនោះ KOICA គឺជាសមាជិកមួយនៃគម្រោង H-EQIP ដែលគម្រោងនេះរួមចំណែកយ៉ាងច្រើនដល់ប្រទេសកម្ពុជា ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់សេវាសុខភាព។

ជំនួយ និងការគាំទ្រដ៏មានតម្លៃរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីជាប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសយើងទាំងពីរ ក្នុងវិស័យសុខាភិបាល ត្រូវបានកត់សម្គាល់តាមរយៈ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងការការពារ ការរកឃើញ និងការឆ្លើយតបទៅនឹងជំងឺឆ្លង ជំងឺមិនឆ្លង សុខភាពមាតា ទារក និងកុមារ ការអភិវឌ្ឍន៍ធនធានមនុស្ស និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សុខាភិបាលនៅកម្ពុជា។

តាងនាមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លោករដ្ឋមន្ត្រីសុខាភិបាល បានសូមយកឱកាសនេះថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក៏ដូចជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏សប្បុរសរនេះ៕