(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជាច្រើនរូប នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៣ នេះ ត្រូវនិងថ្ងៃបិណ្ឌទី១៣ បានចូលរួមយកចង្ហាន់ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃ នៅវត្តបឹងកុក និងវត្តជ្រោយថ្ម ក្នុងក្រុងកំពង់ចាម ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់អ្នកមានគុណទាំងឡាយ ដែលបានចែកឋានទៅហើយនោះ ។

បើតាមលោកអាចារ្យ បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ទេយ្យទានដែលបាននាំយកប្រគេនព្រះសង្ឃទាំងពីរវត្តនោះ ក្នុងមួយវត្តៗ រួមមាន អង្ករ ១៥០គីឡូក្រាម, មី ១ កេស, ទឹកដោះគោខាប់ ១កេសធំ, ត្រីខ ១កេសធំ, ទឹកស៊ីអ៉ីវ ៥យួរ, ទឹកត្រី ៧យួរ , ទឹកសុទ្ធ ៥កេស, ទឹកក្រូច ៩កេស, តែ ៥គីឡូ,ស្ករស ៥គីឡូ និងបច្ច័យសម្រាប់កសាងផ្សេងៗមួយចំនួនផងដែរ ៕