(បាត់ដំបង)៖ លោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល បានថ្លែងថា «យើងជាសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនគ្រប់យ៉ាងជាស្រេច ដើម្បីឈានដល់ការឃោសនាស្វែងរកសម្លេងឆ្នោតគាំទ្រ នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខនេះ»។
លោក សួស អង្គារ៍ លើកឡើងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងពិធីលើកស្លាកសញ្ញាបក្សថ្មីដែលមានរូបសម្តេច ហេង សំរិន, សម្តេច ហ៊ុន សែន និងរូបសញ្ញាទេវតាបាចផ្កានៅពីលើ។
ក្នុងនោះលោក សួស អង្គារ៍ បានបន្ថែមថា ដើម្បីត្រៀមលក្ខណៈសម្បត្តិទុកជាមុន ក្នុងការយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមការងារចុះជួយឃុំទាំង២ បានខិតខំធ្វើកិច្ចការជាច្រើន នៅក្នុងមូលដ្ឋានជាប្រចាំរហូតមក។
លោកបានបញ្ជាក់ថា «ថ្ងៃនេះក្រុមការងារយើង បាននាំគ្នាជាសមាជិក សមាជិការបក្សមូលដ្ឋាន នៅតាមបណ្តាមភូមិនានា ដើម្បីលើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាថ្មី មាន៥៤ស្លាក ក្នុងនោះមានលើកនៅក្នុងឃុំអូតាគីមាន២៤ស្លាក ដាក់ក្នុង៨ភូមិ ក្នុង១ភូមិៗ មាន៣ស្លាក ចំណែកឃុំតាម៉ឺនមានលើកស្លាក៣០កន្លែង មានភូមិ១០ ក្នុង១ភូមិៗ មាន៣ស្លាក ដោយចំណាយថវិកា៣០ដុល្លាក្នុងមួយស្លាក ដែលមានតម្លៃសរុបទាំង២ឃុំ អស់ ១,៦២០ដុល្លារ»។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានបញ្ជាក់ នៅពេលក្រុមការងារលើកផ្លាកសញ្ញាបក្សនេះដែរ គឺសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្តិ ត្រៀមខ្លួនគ្រប់យ៉ាងជាស្រេច ដើម្បីឈានដល់ការឃោសនាស្វែងរកសម្លេងឆ្នោតគាំទ្រគណបក្ស នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះ និងដើម្បីទទួលបានជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា និងបន្តដឹកនាំប្រទេសជាតិនៅអាណត្តិនេះ និងអាណត្តិបន្តទៀត ដើម្បីមានឱកាស សម្រាប់ការកសាង អភិវឌ្ឍន៍ជាតិ ព្រមទាំងឲ្យប្រជាពលរដ្ឋមានការរីកចម្រើន កាត់បន្ថយភាពក្រីក្រ ទាំងនៅតាមមូលដ្ឋានជនបទ និងនៅទីក្រុង ឈានទៅរកសុខសន្តិភាព និងវឌ្ឍនៈភាព សង្គមជាតិកម្ពុជាតទៅ៕