(កណ្ដាល)៖ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានថ្លែងថា ទិន្នផលត្រីសម្រាប់ខេត្តកណ្តាលនាឆ្នាំ២០២៣នេះ អាចនឹងកើនឡើង ខណៈការរំពឹងរបស់លោកនេះដោយហេតុថាបទល្មើសនេសាទខុសច្បាប់មិនសូវមានច្រើនដូចកាលកន្លងទៅ ដោយសារតែប្រជាពលរដ្ឋមានការចូលរួមសហការច្រើនក្រោយអាជ្ញាធរចុះអប់រំ និងពន្យល់អំពីនីតិវិធីច្បាប់ដល់មូលដ្ឋាន។
លោកការបង្ហាញក្តីរំពឹងបែបនេះរបស់នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានធ្វើឡើងនៅកិច្ចប្រជុំ ស្តីពីការបណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយអំពីឧបករណ៍នេសាទ ដែលខុសច្បាប់ដល់អាជ្ញាធរមូលដ្ឋាន នៅស្រុកពញាឮ ខេត្តកណ្តាលនាពេលថ្មីៗនេះ ។
លោក ហេង សុភារិទ្ធ បានបញ្ជាក់ថា៖ «ក្រោយខណ្ឌរដ្ឋបាល ជលផលកណ្តាល បានចុះអប់រំ និងផ្សព្វផ្សាយអំពីទោសទណ្ឌ ការនេសាទខុសច្បាប់ដល់មូលដ្ឋានជាបន្តបន្ទាប់ នោះឃើញថាខេត្តកណ្តាល មានការធ្លាក់ចុះច្រើនទាក់ទងនឹងនេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ដែលហាមឃាត់ ដូច្នេះហើយឆ្នាំនេះទិន្នផលត្រីវានឹងអាចកើនឡើងទៅតាមហ្នឹងយ៉ាងដូច្នេះដែរ»។
បើតាមលោក ហេង សុភារិទ្ធ បានបន្ថែមថា ក្រោយធ្វើការចុះផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋមួយចំនួនក៏បានសម្រេចប្រគល់ឧបករណ៍ខុសច្បាប់ជូនដល់អាជ្ញាធរយកទៅកម្ទេចចោលជាបន្តបន្ទាប់ផងដែរ ខណៈអ្នកដែលបានស្ម័គ្រចិត្ត និងចូលរួមសហការជាមួយអាជ្ញាធរនាពេលនេះពួកគាត់នឹងរួចផុតពីទោសទណ្ឌ តែបើបុគ្គលណានៅរឹងទទឹង ហើយបន្តលួចទុកឧបករណ៍ខុសច្បាប់ និងធ្វើនេសាទដោយខុសច្បាប់ ចាប់ពីពេលនេះតទៅនាយខណ្ឌជលផលកណ្តាលនឹងមិនលើកលែងទោសដល់ពួកគាត់នោះឡើយ។
នាយខណ្ឌរដ្ឋបាលជលផលរូបនេះ បានឱ្យដឹងថា ឧបករណ៍ខុសច្បាប់សម្រាប់ធ្វើនេសាទ មានដូចជា៖ ថ្មស្អុយ ការឆក់ត្រី ស្បៃមុងក្រឡាញឹក ជាតិផ្ទុះគ្រប់ប្រភេទជាដើម។
ប្រជាពលរដ្ឋ ជាអ្នកនេសាទក៏វានលើកឡើងថា បទល្មើសនេសាទកើតមានច្រើននៅស្ទើរទូទាំងខេត្តកណ្ដាល ហេតុនេះមានតែការចូលរួមដោយឆន្ទៈ វៀរចាកពីការទទួលសំណូកពីបទល្មើស បង្រ្កាបឱ្យអស់ ទើបផលមច្ឆាជាតិនឹងកើនខ្លាំងជាមិនខាន៕