(ភ្នំពេញ)៖ ការបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យប្រទេសខ្មែរមានភាពរុងរឿង មានសេដ្ឋកិច្ចខ្ពស់ ក្លាយជាប្រទេសអ្នកមានធូរធារ ដូចគេដូចឯង និងមានសន្តិភាពយូរអង្វែង។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោកដឹកនាំមន្ត្រីជាច្រើនរូបទៀត ជូនដំណើរ កម្មករ កម្មការិនី និងប្រជាពលរដ្ឋឡើងជិះរថយន្តក្រុង ទៅស្រុកកំណើតតាមខេត្ត នាឱកាសបុណ្យភ្ជុំបិណ្ឌមិនយកប្រាក់ នាព្រឹកព្រលឹមថ្ងៃទី១២ តុលាឆ្នាំ២០២៣នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា «ការបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យប្រទេសខ្មែរមានភាពរុងរឿង។ ការបន្តវេនរបស់សម្ដេច ហ៊ុន ម៉ាណែត ដើម្បីប្រទេសខ្មែរនៅឆ្នាំ២០៣០ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ ក្លាយជាប្រទេស អ្នកមានធូរធារដូចគេដូចឯង»

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា បងប្អូនកម្មករ កម្មការិនី ប្រជាពលរដ្ឋដែលជិះរថយន្តក្រុងសាធារណៈមិនយកប្រាក់នេះ យ៉ាងហោចណាស់ពួកគាត់ ចំណេញប្រាក់បាន ក្នុងម្នាក់ ១០ដុល្លារដែរ។ សកម្មភាពនៃការដឹកជញ្ជូនកម្មករ ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌនេះ សកម្មភាពនេះនឹងបន្តរហូត ចំពោះអ្នកក្រីក្រ ហើយរាជរដ្ឋាភិបាលក៏បាន និងកំពុងខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានប្រាក់ចំណូលខ្ពស់ផងដែរ ជាមួយនឹងការកៀរគរអ្នកវិនិយោគ មកបណ្តាក់ទុននៅកម្ពុជា ដែលនេះ គឺជាការគិតគូរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកបានបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំពោល គឺក្នុងពិធីបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ខណៈបងប្អូនប្រជាពលរដ្ឋ ត្រូវចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត នៅតាមបណ្ដាខេត្តនោះ រដ្ឋបាលរាជធានីភ្នំពេញ តែងប្រើប្រាស់រថយន្តជាង៤០០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋ កម្មករ កម្មការិនី ទៅស្រុកកំណើត ដោយមិនយកប្រាក់។ ក្នុងន័យនេះ គឺដើម្បីកុំឲ្យរថយន្តឈ្នួលផ្សេងទៀតឡើងថ្លៃ ហើយក៏ជាការចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា រថយន្តក្រុងសាធារណៈ ដែលដឹកប្រជាពលរដ្ឋទៅស្រុកកំណើតទាំងនេះ គឺជារថយន្តដែលជាជំនួយរបស់ប្រទេសចិន ជប៉ុន និងកូរ៉េ ហើយប្រទេសទាំងនេះថែមទាំងបានបញ្ជូនអ្នកជំនាញ មកធ្វើការថែទាំ និងជួសជុលរថយន្តទាំងនេះជាប្រចាំថែមទៀត។
បន្ថែមពេលនេះ អ្នកបើកបររថយន្តទាំងអស់ ក៏ត្រូវបានណែនាំ តាមដានជាប្រចាំ ដោយមិនមានការប្រើប្រាស់គ្រឿងញៀននោះទេ ដែលនេះជាការគិតគូរជាចំបងពីសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលជិះរថយន្តក្រុងសាធារណៈ ៕