(ភ្នំពេញ)៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងថា គណបក្សសង្រ្គោះជាតិ គ្មានផែនការរៀបចំយន្តការដើម្បីសំដែងមតិ តាមរយៈការពាក់ខោខ្មៅ អាវខ្មៅតាម ទីសាធារណៈទេ។ លោក យឹម សុវណ្ណ ថា គណបក្សគឺ គោរពទៅតាមឆន្ទៈបុគ្គលិក និងថ្នាក់ដឹកនាំម្នាក់ៗដែលមាន បំណងចង់សំដែងមតិ។
ការបញ្ជាក់របស់ យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានធ្វើឡើងក្រោយពីមានព័ត៌មានថា គណបក្សសង្រ្គោះជាតិ នឹងចូលរួមសំដែងមតិ តាមរយៈការពាក់ខោខ្មៅ អាវខ្មៅ នៅតាមទីសាធារណៈ។ លោក យឹម សុវណ្ណ បានបញ្ជាក់បែបនេះ ខណៈលោកធ្វើសេចក្ដីប្រកាសព័ត៌មានស្ដីអំពី «ការវិវត្ដន៍នៃស្ថានភាពនយោបាយ» ដល់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ។
លោក យឹម សុវណ្ណបញ្ជាក់ថា «គណបក្សសង្រ្គោះជាតិ មិនមានយន្តការដើម្បីសំដែងមតិ តាមរយៈការពាក់ខោខ្មៅ អាវខ្មៅតាមទីសាធារណៈទេ ខ្ញុំសុំបញ្ជាក់ទៅរាជរដ្ឋាភិបាល និងអាជ្ញាធរ សូមកុំបារម្ភ»។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦កន្លងទៅ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានប្រកាសនៅក្នុងសន្និសីទកាសែតមួយ ថា គណបក្សសង្រ្គោះជាតិ នឹងចូលរួមហើយគាំទ្រដល់យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។
សូមជំរាបថា យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ត្រូវបានបង្កើតឡើងដោយក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីមួយចំនួន ចាប់តាំងពីដើមខែឧសភាមក។ យុទ្ធនាការនេះ គេសង្កេតឃើញមានធ្វើឡើងជារៀង រាល់ថ្ងៃចន្ទបន្តបន្ទាប់មក ដោយធ្វើការទាមទារឱ្យដោះលែងមន្រ្តីគ.ជ.ប និងមន្រ្តីអាដហុកចំនួន៤នាក់ រួមទាំងសមាជិក គណបក្សប្រឆាំងផងដែរ។ នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០១៦នេះ ក៏មានក្រុមសកម្មជនដីធ្លីមួយចំនួន បានបើកយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះដែរ ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ៕