(បន្ទាយមានជ័យ)៖ ជនជាតិចិនម្នាក់ដែលត្រូវគេស្គាល់ថា ជាអ្នកគ្រប់គ្រងកន្លែងទីតាំងអនឡាញ ក្នុងកាស៊ីណូហ្គោលឌិន ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវបានបុគ្គលិកជាជនជាតិចិនដូចគ្នា ចាក់ជាច្រើនកាំបិតបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅអគារស្នាក់ក្នុងកាស៊ីណូហ្គោលឌិន។

បើតាមសមត្ថកិច្ចបានប្រាប់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះថា ជនរងគ្រោះដែលស្លាប់អាយុជាង៣០ឆ្នាំ ស្នាក់នៅអគារខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលជនសង្ស័យបានចាក់សម្លាប់ជនរងគ្រោះ ដោយសារជនរងគ្រោះនិងអ្នកបើកបររបស់ខ្លួន បានទៅតាមរកជនសង្ស័យដែលខ្ជិលធ្វើការនិងរត់មកដេកក្នុងបន្ទប់ ហើយក្រោយតាមមកដល់ក្នុងបន្ទប់ជនរងគ្រោះក៏បានទាញកអាវជនសង្ស័យឡើងជង្គង់ ២ទៅ៣ដង ភ្លាមនោះជនសង្ស័យបានខឹងក៏ទាញកាំបិតកៃចុងស្រួច ដែលដាក់ក្នុងហោបៅជាប់ខ្លួន ចាក់ជាច្រើនកាំបិតលើដើមទ្រូងជនរងគ្រោះ ភ្លាមនោះអ្នកបើកបររបស់ជនរងគ្រោះក៏ស្ទុះទៅជួយវ៉ៃទៅជនដៃដល់ ហើយជនបង្ករក៏បានគេចខ្លួនបាត់។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយមន្ត្រីជំនាញចុះពិនិត្យសាកសព ហើយក៏បានដឹកសាកសពតាមរយៈរថយន្តអ៊ុំប៊ុយឡុង ទៅរាជធានីភ្នំពេញ ស្ថានទូតចិនប្រចាំកម្ពុជា រងចាំសាច់ញាតិមកទទួលយកទៅប្រទេសចិនវិញ ក្នុងនោះសមត្ថកិច្ចក៏កំពុងស្រាវជ្រាវចាប់ខ្លួនជនដៃដល់ដើម្បីចាត់ការតាមច្បាប់៕