(ត្បូងឃ្មុំ)៖ អាជ្ញាធរខេត្តត្បូងឃ្មុំ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមគ្នាបន្តបើកយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋ ដែលបានចូលរួមទស្សនាពិព័រណ៍ម្ហូបអាហារនៅបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «ពលរដ្ឋល្អ បើកបរដោយស្មារតីប្រុងប្រយ័ត្នជានិច្ច» ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌនេះ។

ក្នុងពិធីផ្សព្វផ្សាយអប់រំនេះបានធើ្វឡើងនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណតំបន់រដ្ឋបាលទីរួមខេត្តត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីមន្ត្រីសាធារណការ មន្ត្រីកាកបាទក្រហមកម្ពុជា កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងប្រជាពលរដ្ឋ។

លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងលោក វង វ៉ាន់នី នាយកសាខាកាកាបាទក្រហមខេត្ត បានឲ្យដឹងថា កម្មវិធីនេះជាការក្រើនរំលឹកដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នជានិច្ច ក្នុងការបើកបរក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងពេលខាងមុខ ក្នុងនោះក្រុមការងារក៏បានចាក់ផ្សាយនូវសេចក្តីអំពាវនាវរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត និងមានកម្មវិធីឆ្លើយសំណួរ ដើម្បីទទួលបានមួកសុវត្ថិភាពផងដែរ។

លោក ណុប ឡងឌី បានលើកឡើងថា យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា «ការពាក់មួកសុវត្ថិភាពមួយ គឺអាចជួយអាយុជីវិតយើងបានម្នាក់ ដូច្នេះសូមកុំបើកបរ ដោយមិនពាក់មួកសុវត្ថិភាពឱ្យសោះ ហើយកន្លងមកអាជ្ញាធរខេត្ត ក៏មន្ត្រីជំនាញពាក់ព័ន្ធ តែងតែចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជូនដល់ភូមិ ឃុំ ស្រុក សហគមន៍ និងសាលារៀនទូទាំងខេត្តត្បូងឃ្មុំជាច្រើនដងរួចមកហើយ ដូច្នេះពេលនេះយើងនៅតែបន្តទៀតជាមួយការផ្សព្វផ្សាយច្បាប់ និងចែកមួកសុវត្ថិភាព»

សូមជម្រាបថា ក្នុងយុទ្ធនាការនេះបានចែកមួកសុវត្ថិភាពចំនួន៦០មួក, សៀវភៅច្បាប់ចរាចរណ៍ចំនួន១៨០ក្បាល, សៀវភៅដែលអ្នកជិះម៉ូតូគួរយល់ដឹងចំនួន៦០០ក្បាល, ស្ទីកឃ័រចំណាំងផ្លាតចំនួន៦០០សន្លឹក, ខិតបណ្ណជំនួយស្មារតីចំនួន៦០០សន្លឹក, ផ្ទាំងសញ្ញាថ្មើរជើងចំនួន១០ផ្ទាំង, ផ្ទាំងផ្លាកសញ្ញាចំនួន១០ផ្ទាំង, ផ្ទាំងសញ្ញាកណត់ទំហំរថយន្តចំនួន១០ផ្ទាំង និងស្ទីកឃ័រ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ផ្ទាំង៕