(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យបានប្រកាសពីការរៀបចំពិធីប្រណាំងទូក និងដាក់តាំងបង្ហាញលក់ផលិតផលកសិផលក្នុងនិងក្រៅស្រុក គ្រឿងឧបភោគ បរិភោគ និងការប្រគុំតន្រ្តី រយៈពេល១សប្តាហ៍ ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ។

យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ មានខ្លឹមសារថា ក្នុងគោលបំណងរក្សាបានប្រពៃណី ទំនៀមទម្លាប់របស់ដូនតា ក៏ដូចជាដើម្បីបង្កបរិយាកាសរីករាយជូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តនឹងចាត់តាំងឱ្យមានរៀបចំពិធីប្រណាំងទូកងខ្នាតអន្តរជាតិចំណុះ២២នាក់ ជាលក្ខណៈមិត្តភាពនៅបឹងស្នោរ បរិវេណសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តក៏មានការចាត់តាំងឱ្យរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលកសិផលក្នុងនិងក្រៅស្រុក គ្រឿងឧបភោគ បរិភោគសព្វសារពើ ដែលនឹងចាប់ផ្តើមដាក់តាំងបង្ហាញចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងបង្ហាញអំពីសក្តានុពលរបស់ខេត្តនាពេលបច្ចុប្បន្ន រួមនឹងមានការប្រគុំនត្រ្តី ល្បែងកម្សាន្តនានាក្នុងពេលរាត្រីផងដែរ៕