(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាត់ លោក លោកស្រីជាប្រធាន អនុប្រធានភូមិ យុវជន ស.ស.យ.ក បាននាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺវត្តព្រែកថ្លឹង និងវត្តកែវមុនី (ហៅវត្តគោករលួស)។

ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នាយទាហាននាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលី មរណៈ ក្នុងរយៈកាលកន្លងមក។

ព្រមជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់លោកតា លោកយាយ ពុទ្ធបរិស័ទ និងកងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ៕