(កណ្តាល)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន បានថ្លែងជំរុញឲ្យកម្លាំងសមត្ថកិច្ច និង អាជ្ញាធរនៅតាមមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ថែមទៀតទៅលើអតីតយុទ្ធជន។

ការជំរុញរបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងក្នុងពេលចុះសំណេះសំណាលជាមួយអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជននៅទូទាំងស្រុកកោះធំ ខេត្ត កណ្តាលនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ។ ក្នុងជំនួបសំណេះសំណាលនេះ ក៏មានការចូលរួមផងដែរថា ពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល។

នៅចំពោះមុខអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនក្នុងស្រុកកោះធំ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគម​អតីតយុទ្ធជន​តែងបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជា និងបានចាត់ទុកអតីត យុទ្ធជនទាំងអស់ ជាជនរួមឈាមដ៏ស្ម័គ្រស្មោះ ដែលបានពលីកម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់នៅលើសមរភូមិ ដើម្បីបុព្វហេតុ នៃការនាំមកនូវសន្តិភាពរបស់ប្រទេសជាតិ។

លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជន ក៏បានថ្លែងសូមការយោគយល់ និង អធ្យាស្រ័យ ចំពោះការខ្វះចន្លោះក្នុងការផ្តល់សេវានាជូនអតីតយុទ្ធជននាពេលកន្លងមក។ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ការខ្វះចន្លោះការផ្តល់សេវានោះ ដោយសារតែការខ្វះ ធនធានមនុស្ស។

បើទោះបីជាយ៉ាងណាបច្ចុប្បន្ននេះ សមាគមអតីតយុទ្ធជន បាននិងកំពុងយកចិត្តទុកដាក់ និងបង្កើនសកម្មភាពឲ្យកាន់តែសកម្មក្នុងការ ផ្តល់សេវាផ្សេងៗ និងដោះស្រាយទុក្ខលំបាកផ្សេងៗ​របស់អតីតយុទ្ធជន។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ គន់ គីម។

ដើម្បីឆ្លើយតបនិងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានពលីកម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិមាតុភូមិនេះ នាយឧត្តមសេនីយ៍ គន់ គីម បានក្រើនរំលឹកដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានថា ត្រូវតែយកចិត្តទុកដាក់ឲ្យបាខ្ពស់ថែមទៀត ក្នុងដោះស្រាយនូវរាល់ទុក្ខលំ បាករបស់អតីតយុទ្ធជន។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម ថា មិនត្រូវព្រងើយកន្តើយទុកឲ្យអតីតយុទ្ធជន​ជួបការលំបាក​នោះឡើយ ។

សូមបញ្ជាក់ថា អតីតយុទ្ធជននៅក្នុងស្រុកកោះធំ មានចំនួនសរុប ២៦៧នាក់ ក្នុងនោះនិវត្តជន ៥៦នាក់ ជនបាត់បង់សមត្ថភាពការងារ ០២នាក់ ជនពិការ ៩៧នាក់ ជនពលី ៩៤នាក់ និងជនមរណៈ ១៨នាក់។

ជាការគត់សម្គាល់ ដើម្បីដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជន សមាគមអតីតយុទ្ធជន ដែលមាននាយឧត្តមសេនីយ៍ គន់ គីម ជាអគ្គលេខាធិការ តែងបានចុះទៅគ្រប់បណ្តាខេត្ត ជួបជាមួយអតីត​យុទ្ធជនស្វែង​យល់ពីតម្រូវការ និងទុក្ខលំបាករបស់ពួកគេ ហើយក៏ស្រាយជូនភ្លាមៗផងដែរ ដូចជាការផ្តល់លំនៅឋានជាដើម។

នាយឧត្តមសេនីយ៍ គន់ គីម ក៏តែងបានប្រកាសកៀរគរជំនួយសប្បុរសជននានា ដើម្បីជួយទ្រទ្រង់ និងដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជនផងដែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា បើគ្មានគុណបំណាច់របស់អតីតយុទ្ធជនទេ កម្ពុជាគ្មានឡើយសន្តិភាព។ ដំបូលសន្តិភាព របស់កម្ពុជានាពេលបច្ចុប្បន្ន គឺបានមកពីការពលី និងការយក​សាច់​ស្រស់ឈាមស្រស់របស់អតីតយុទ្ធជនទៅប្តូរយកមក ដូច្នេះសម្តេចតេជោ រំពឹងថា សប្បុរសជននឹងចូលរួមធ្វើសកម្មភាពមនុស្សធម៌ជួយដល់អតីតយុទ្ធជន ដើម្បីជាកិច្ចតបស្នងនូវ​គុណបំណាច់របស់ពួកគេ៕